(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្មីៗនេះបាននិយាយជាលក្ខណៈឯកជន អំពីការដកខ្លួនចេញពីសន្ធិសញ្ញាការពារជាតិជាមួយជប៉ុន ដោយថាវាមានភាពលម្អៀងចំពោះប្រទេសលោក។ នេះបើតាមការដកស្រង់ការផ្សាយចេញ ពីសារព័ត៌មាន Bloomberg នៅរសៀលថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០១៩។
យ៉ាងណាមិញយោងតាមប្រភពដែល Bloomberg ទទួលបាន លោក ដូណាល់ ត្រាំ មិនបានចាត់វិធានការណាមួយពាក់ព័ន្ធគោលបំណងនេះឡើយ ហើយវាក៏ទំនងជានឹងមិនកើតឡើងដែរ។ បើតាមសេចក្តីរាយការណ៍របស់ Bloomberg លោក ត្រាំ បានគិតចង់ធ្វើដូច្នេះ គឺដោយសារតែលោកជឿជាក់ថា សន្ធិសញ្ញាដែលមានអាយុកាលជាង ០៦ទសវត្សរ៍មកនេះមានភាពលម្អៀងចំពោះអាមេរិក ដោយសារតែនៅពេលជប៉ុនរងការវាយប្រហារ សហរដ្ឋអាមេរិកមានតួនាទីត្រូវតែទៅជួយជប៉ុន ប៉ុន្តែក្នុងករណីអាមេរិករងការវាយប្រហារវិញនោះ ជប៉ុនពុំមានកាតព្វកិច្ចត្រូវមកជួយការពារអាមេរិកឡើយ។
គួរជម្រាបថា សន្ធិសញ្ញាខាងលើត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ១៩៥១ រួមជាមួយសន្ធិសញ្ញាទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ ដែលបានបិទបញ្ចប់សង្រ្គាមលោកទីពីរជាផ្លូវការ។ សន្ធិសញ្ញានេះត្រូវបានកែសម្រួលនៅឆ្នាំ១៩៦០ ដែលផ្តល់សិទ្ធិឲ្យអាមេរិកបោះ មូលដ្ឋានទ័ពនៅលើទឹកដីជប៉ុនជាថ្នូរនឹងការសន្យាថា អាមេរិកគឺជាខែលការពាររបស់ជប៉ុន ប្រសិនបើជប៉ុនរងការវាយប្រហារណាមួយ ហើយចាប់តាំងពីចាញ់សង្រ្គាមលោកមក ជប៉ុនពុំមានយោធាផ្លូវការ ឬក៏សិទ្ធិប្រកាសសង្រ្គាមជាមួយប្រទេសដទៃទៀតឡើយ៕