(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកមិនចាំបាច់ត្រូវការភ្លើងខៀវពីសភាឡើយ ដើម្បីបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់បាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០១៩។
ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន The Hill នាថ្ងៃចន្ទសប្តាហ៍នេះ លោក ត្រាំ បានបញ្ជាក់ថា លោកមានសិទ្ធិបើកឲ្យមានការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ដោយមិនចាំបាច់មានការអនុញ្ញាតពីសភាអាមេរិក ហើយការគូសបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមមន្រ្តីជាន់ខ្ពស់ នៃបក្សប្រជាធិបតេយ្យអាមេរិកបានទាមទារឲ្យលោក ដូណាល់ ត្រាំ សុំការអនុញ្ញាតពីសភាជាចាំបាច់ ទើបលោកអាចបើកការវាយប្រហារលើអ៊ីរ៉ង់ ឬមួយក៏ប្រទេសណាមួយផ្សេងៗទៀត។
គួរជម្រាបថា កាលពីសប្តាហ៍មុននេះ លោក ត្រាំ បានលុបចោលវិញនូវបញ្ជាឲ្យបើកការវាយប្រហារលើអ៊ីរ៉ង់ ដែលបានគ្រោងធ្វើឡើង ជាការឆ្លើយតបចំពោះការបាញ់ទម្លាក់យន្តហោះដ្រូនយោធាអាមេរិក ដែលទីក្រុងតេហេរ៉ង់អះអាងថា បានហោះរំលោភចូលក្នុងដែនអាកាសរបស់អ៊ីរ៉ង់។ កាលពីខែមេសា ឆ្នាំ២០១៨ លោក ត្រាំ ក៏ធ្លាប់បានប្រើសិទ្ធិបញ្ជាឲ្យនាវាពិឃាតអាមេរិក បាញ់ស្រោចមីស៊ីលរាប់សិបគ្រាប់លើមូលដ្ឋានទ័ពស៊ីរីផងដែរ ដោយសារការសង្ស័យថា កងកម្លាំងរបស់រដ្ឋាភិបាលស៊ីរីបានប្រើអាវុធគីមីនាពេលនោះ។
ទន្ទឹមគ្នានេះចំពោះមុខស្ថានការណ៍ដ៏តានតឹងនៅមជ្ឈិមបូព៌ា នាវាយោធាអាមេរិកចំនួន ០៣គ្រឿងថ្មី ក៏បានធ្វើដំណើរទៅដល់ តំបន់ប្រតិបត្តិការនៃអង្គភាពជើងទឹកទី ៥ ដែលគេហៅថា Fifth Fleet របស់ទ័ពជើងទឹកអាមេរិកផងដែរ។ តំបន់ប្រតិបត្តិការរបស់អង្គភាព Fifth Fleet រួមមានឈូងសមុទ្រពែក សមុទ្រក្រហម សមុទ្រអារ៉ាប់ និងមហាសមុទ្រឥណ្ឌា។
នាវាយោធាអាមេរិកទាំង ០៣គ្រឿងនោះ រួមមាន USS Boxer, USS John P. Murtha, និង USS Harpers ដែលសុទ្ធតែអាចចល័តកងម៉ារីនរាប់ពាន់នាក់ ឡើងទៅកាន់ឆ្នេរសមុទ្រនានាបាន។ ក្នុងនោះ USS Boxer ក៏មានលក្ខណៈដូចជានាវាដឹកយន្តហោះចម្បាំងផងដែរ ដោយវាអាចផ្ទុកយន្តហោះបានយ៉ាងតិច ២០គ្រឿង ដែលរួមមានឧទ្ធម្ភាគចក្រប្រភេទប្រយុទ្ធ និងដឹកជញ្ជូនក៏ដូចជាយន្តហោះ វាយប្រហារគោលដៅនៅលើផ្ទៃដី AV-8B Harrier II ព្រមទាំងអាចបាញ់មីស៊ីលប្រឆាំងនាវា Sea Sparrow ថែមទៀតផង។
ក្រុមនាវាយោធាដឹកនាំដោយ USS Boxer នេះ នឹងត្រូវចូលរួមជាមួយក្រុមនាវាយោធាអាមេរិកមួយទៀត ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះ ចម្បាំង USS Abraham Lincoln ដែលបានទៅដល់មជ្ឈិមបូព៌ាកាលពីខែឧសភា ជាមួយនាវាយោធាមួយចំនួនទៀតដូចជា USS San Antonio ជាដើម ដែលសុទ្ធតែអាចបើកការវាយប្រហារតាមផ្លូវអាកាស បានយ៉ាងជ្រៅចូលដល់ទឹកដីអ៊ីរ៉ង់ ប្រសិនបើសង្រ្គាមរវាងប្រទេសទាំងពីរផ្ទុះឡើង៕