(ម៉ាឡេស៉ី)៖ ក្នុងពេលនាំអ្នកសារព័ត៌មានកម្ពុជា២រូប មានអ្នកសារព័ត៌មាន Fresh News និងអ្នកសារព័ត៌មានថ្មីៗ រួមទាំងអ្នកសារព័ត៌មានមកពីបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត ទៅទស្សនានៅទីក្រុងកូឡាឡាំពួរ មគ្គុទេសក៏ម៉ាឡេស៊ី ក៏បាននាំអ្នកសារព័ត៌មានទៅទស្សនារូងភ្នំបាទូ (Batu Caves) ផងដែរ។
រូងភ្នំបាទូ គឺជាទីកន្លែងដែលមានរូបបដិមា និងជាកន្លែងទាក់ទាញភ្ញៀវទេសចរមួយដ៏សំខាន់ នៅក្នុងខេត្តសឺឡាំងង័រ (Selangor) នៃប្រទេសម៉ាឡេស៉ី។ វត្ថុដែលត្រូវបានគេកត់សម្គាល់ថា ជារបស់ទាក់ទាញសំខាន់ជាងគេ នៃតំបន់ទេសចរណ៍នេះ គឺជារូបចម្លាក់ដ៏ធំ នៃសាសនាហិណ្ឌូ ដែលស្ថិតនៅពីមុខច្រកចូល។
ជាមួយគ្នានេះ អ្នកទេសចរ ក៏អាចឡើងកាំជណ្ដើរ ដែលមានចំនួន២៧២កាំ មានពណ៌យ៉ាងស្រស់ស្អាត។ ឡើងលើកាំជណ្ដើរបណ្តើរ មើលទេសភាពបណ្តើរ ដែលធ្វើឲ្យអ្នកទេសចរ អាចចោលភ្នែករហូតទៅដល់ជើងមេឃ និងមើលទិដ្ឋភាពកណ្តាលទីក្រុងដ៏ទាក់ទាញ នៃប្រទេសម៉ាឡេស៉ីផងដែរ។
គួរបញ្ជាក់ថា ក្រសួងទេសចរណ៍ម៉ាឡេស៉ី តាមរយៈក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៉ី ប្រចាំកម្ពុជា ក៏បានអញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានមកពីបណ្តាប្រទេសមួយចំនួន ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍ Aidilfitri ឆ្នាំ២០១៩ នេះផងដែរ។អ្នកសារព័ត៌មានកម្ពុជា ត្រូវបានផ្តល់ការធ្វើដំណើរដោយក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines៕