Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម៉ិចស៊ីកូសម្រេចបញ្ជូនទ័ពជិត «១៥,០០០នាក់» ទៅកាន់តំបន់ព្រំដែនជាប់អាមេរិក ដើម្បីទប់ទល់លំហូរជនភៀសខ្លួន និងការគំរាមដំឡើងពន្ធពីលោក ដូណាល់ ត្រាំ (Video inside)

25-06-2019 10:09

(ម៉ិចស៊ីកូស៊ីធី)៖ ម៉ិចស៊ីកូបានចល័តកម្លាំងទ័ពជិត ១៥,០០០នាក់ទៅកាន់ព្រំដែនភាគខាងជើងរបស់ខ្លួន ដើម្បីទប់ស្កាត់លំហូរចូល ជនភៀសខ្លួនចូលទៅទឹកដីសហរដ្ឋអាមេរិក ខណៈទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ កំពុងតែតានតឹងដោយសារតែបញ្ហានេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នាព្រឹកថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០១៩។

ដោយស្ថិតក្រោមសម្ពាធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីរារាំងកំណើននៃជនអន្តោប្រវេសន៍ មកពីតំបន់អាមេរិកកណ្តាលឆ្លងព្រំដែនចូលទៅដីអាមេរិក រដ្ឋាភិបាលម៉ិចស៊ីកូកាលពីប៉ុន្មានសប្តាហ៍មុន បានសន្យាពង្រឹងសន្តិសុខនៅព្រំដែនភាគខាងត្បូង តាមរយៈការដាក់ពង្រាយកម្លាំងទ័ព ៦,០០០នាក់ ប៉ុន្តែមិនបានបញ្ជាក់ពីការបង្រ្កាប នៅព្រំដែនភាគខាងជើងដែលជាប់អាមេរិកឡើយ។

នាថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋមន្រ្តីការពារជាតិម៉ិចស៊ីកូលោក ល្វីស សានដូវ៉ាល (Luis Cresencio Sandoval) បានប្រាប់ដូច្នេះថា «យើងបានដាក់ពង្រាយកងកម្លាំងយោធាជិត ១៥,០០០នាក់ នៅភាគខាងជើងប្រទេស»។ បើតាមលោក Sandoval ជនភៀសខ្លួនដែលចង់ឆ្លងចូលទៅដី អាមេរិក គឺត្រូវបានកងទ័ពម៉ិចស៊ីកូចាប់ឃាត់ខ្លួន។

គួរជម្រាបថា ជាទូទៅកងកម្លាំងសន្តិសុខម៉ិចស៊ីកូ តែងធ្វើការឃាត់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅក្នុងប្រទេសម៉ិចស៊ីកូ ប៉ុន្តែមិនធ្លាប់បានរារាំងពួកគេទាំងនោះ មិនឲ្យឆ្លងចូលព្រំដែនអាមេរិកឡើយកាលពីមុនមក។ យ៉ាងណាមិញ វាហាក់មានការប្រែប្រួល ចាប់តែពីម៉ិចស៊ីកូបានឈានដល់កិច្ចព្រមព្រៀងមួយជាមួយអាមេរិក ដើម្បីទប់ស្កាត់ការដំឡើងពន្ធរបស់អាមេរិក លើទំនិញគ្រប់មុខនាំចូលពីម៉ិចស៊ីកូ ដែលលោក ត្រាំ បានគំរាមថា នឹងត្រូវអនុវត្តន៍ប្រសិនបើបញ្ហាលំហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់ នៅព្រំដែនអាមេរិក-ម៉ិចស៊ីកូ មិនអាចត្រូវដោះស្រាយឲ្យបានទេនោះ៕