(ម៉ូស្គូ)៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយថាការដាក់ពង្រាយ និងផែនការដំឡើងប្រព័ន្ធមីស៊ីលបន្ថែមរបស់សហរដ្ឋអាមរិក នៅតាមប្រទេសអឺរ៉ុបខាងកើតដែលមាន ព្រំដែនជាប់រុស្ស៊ី អាចនឹងបង្កទៅជាវិបត្តិមីស៊ីលគុយបាសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០១៩។
មួយរយៈពេលចុងក្រោយនេះ រុស្ស៊ីបានរិះគន់ និងថ្កោលទោសសហរដ្ឋអាមេរិកយ៉ាងខ្លាំងចំពោះ ផែនការដាក់ពង្រាយមីស៊ីលបន្ថែមក្នុងតំបន់អឺរ៉ុបខាងកើត ក៏ដូចជាការប្រកាសដកខ្លួនចេញពីសន្ធិសញ្ញា នុយក្លេអ៊ែរ INF។ ដោយឡែក ជុំវិញបញ្ហានេះដែរ លោក Ryabkov ប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី នៅថ្ងៃចន្ទសប្ដាហ៍នេះដូច្នេះថា៖ «បើសហរដ្ឋអាមេរិក នៅតែបន្តដាក់ពង្រាយមីស៊ីលនៅអឺរ៉ុបខាងកើត តទៅទៀត នោះស្ថានភាពបច្ចុប្បន្ននឹងរឹតតែស្មុគស្មាញរហូតអាចផ្ទុះ ទៅជាវិបត្តិមីស៊ីលនៅគុយបា កាលពីឆ្នាំ១៩៦២ជាថ្មីក៏ថាបាន...»។
វិបត្តិមីស៊ីលនៅគុយបា បានផ្ទុះឡើងកាលពីឆ្នាំ១៩៦២ នៅពេលអតីតសហភាពសូវៀត ដាក់ពង្រាយ ប្រព័ន្ធមីស៊ីលនៅលើទឹកដីគុយបា ជាការឆ្លើយតបនឹងសហរដ្ឋអាមេរិក ដែលបានដំឡើងមីស៊ីលនៅលើ ទឹកដីតួកគី ជាពិសេសគឺដើម្បីការពាររបបដឹកនាំគុយបា នាសម័យនោះពីទីក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែ នៅទីបំផុត សហភាពសូវៀតបានដកមីស៊ីលចេញពីគុយបាវិញ រីឯអាមេរិកសន្យាមិនឈ្លានពានគុយបា ព្រមទាំងដកមីស៊ីលចេញពីតួកគីវិញទៀតផង។
គួរបញ្ជាក់ថា កាលពីខែកុម្ភៈកន្លងទៅ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏ធ្លាប់បានព្រមានដែរ ថាទីក្រុងម៉ូស្គូ នឹងចាត់វិធានការឆ្លើយតបឱ្យដូចទៅនឹងអ្វីដែលសហរដ្ឋអាមេរិកធ្វើ ពាក់ព័ន្ធនឹងការដាក់ ពង្រាយមីស៊ីលនៅតាមប្រទេសអឺរ៉ុបខាងកើតជាប់ព្រំដែនរុស្ស៊ី៕