(ដាម៉ាស់)៖ អនុរដ្ឋមន្រ្តីនៃក្រសួងការបរទេសស៊ីរី លោក Ayman Soussan បាននិយាយថា គោលនយោបាយដែលគ្មានកោតក្រែង នរណារបស់សហរដ្ឋអាមេរិក គឺជាមូលហេតុចម្បងនៅពីក្រោយបញ្ហាជម្លោះផ្សេងៗ ដែលកើតមានឡើងនៅលើពិភពលោក។ នេះ បើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩។
លោក Soussan បានលើកឡើងថា នយោបាយរបស់អាមេរិក ពិតជាមានប្រសិទ្ធភាពខ្លាំងណាស់ ក្នុងការបង្កើតវិបត្តិផ្សេងៗ ទាំង ខាងផ្នែកសេដ្ឋកិច្ច នយោបាយ និងយោធា ព្រមទាំងក្នុងការដុតកម្តៅភាពតានតឹង នៅលើពិភពលោកយើង។ លោក Soussan បានបន្ថែមថា នយោបាយបែបនេះ បង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់សុខសន្តិភាព ក៏ដូចជាសុវត្ថិភាពអន្តរជាតិ។ បើតាមលោក Soussan វត្តមានខុសច្បាប់របស់យោធាបរទេស ជាពិសេសរបស់អាមេរិក នៅលើទឹកដីស៊ីរី គឺជាមូលហេតុចម្បង នៅពីក្រោយបញ្ហាជម្លោះ ដែលអូសបន្លាយមកទល់បច្ចុប្បន្ននេះ។
គួរជម្រាបថា សព្វថ្ងៃ សហរដ្ឋអាមេរិកមានមូលដ្ឋានទ័ពមួយចំនួន នៅក្នុងប្រទេសស៊ីរី ខណៈកងទ័ពអាមេរិកបានចូលក្នុង ទឹកដីស៊ីរី ដោយពុំមានការអនុញ្ញាតពីអង្គការសហប្រជាជាតិ ឬមួយក៏រដ្ឋាភិបាលស៊ីរីឡើយ៕