ក្រសួងការបរទេសចិន ទាមទារឲ្យក្រុមហ៊ុនអាមេរិក FedEx បកស្រាយបញ្ហានៃការដឹកជញ្ជូនផលិតផល Huawei
24-06-2019 16:56
(ប៉េកាំង)៖ ក្រសួងការបរទេសចិនបានឲ្យដឹងនាថ្ងៃចន្ទនេះថា ក្រុមហ៊ុនដឹកជញ្ជូនរបស់អាមេរិក FedEx Corp គួរតែផ្តល់ការបកស្រាយហេតុផលឲ្យបានសមហេតុផល ពាក់ព័ន្ធបញ្ហារឿងដឹកជញ្ជូនផលិតផលបច្ចេកវិទ្យារបស់ Huawei នាពេលថ្មីៗនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩។
បញ្ហាខាងលើបានកើតឡើងកាលពីសប្តាហ៍មុន នៅពេលបុគ្គលិកទស្សនាវដ្តី PC Magazine ឈ្មោះ អាដាមស្មីត (Adam Smith) បានព្យាយាមផ្ញើស្មាតហ្វូន Huawei P30 ពីចក្រភពអង់គ្លេសទៅកាន់សហរដ្ឋអាមេរិក ប៉ុន្តែប៉ុន្មានថ្ងៃក្រោយស្រាប់តែវា ត្រូវបានបញ្ជូនត្រឡប់មកដល់ដៃលោកវិញ។ ពីដំបូងឡើយក្រុមហ៊ុន FedEx ទំនងជាចង់បានន័យថា បញ្ហានេះបណ្តាលមកពីការដាក់បម្រាមពាណិជ្ជកម្មរបស់ រដ្ឋាភិបាអាមេរិកតែនាថ្ងៃអាទិត្យកន្លងទៅនេះ ក្រុមហ៊ុន FedEx បានសុំទោសលោក Adam ដោយថា ស្មាតហ្វូននោះត្រូវបានផ្ញើត្រឡប់ទៅកាន់លោកវិញដោយការភ័ន្តច្រឡំ ព្រោះតែកំហុសឆ្គងផ្នែកប្រតិបត្តិការ។
គួរជម្រាបថា នេះពុំមែនជាលើកទីមួយឡើយដែលក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនដ៏ធំរបស់អាមេរិក FedEx បានមានបញ្ហាជាមួយកញ្ចប់ផ្ញើ ដែលជាផលិតផលរបស់ក្រុមហ៊ុន Huawei គិតចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសកត់ឈ្មោះ Huawei ចូលក្នុងបញ្ជីខ្មៅ ឈប់ឲ្យមានទំនាក់ទំនងរកស៊ីជាមួយក្រុមហ៊ុនអាមេរិក ក្រោមហេតុផលហានិភ័យសន្តិសុខជាតិ។
កាលពីខែឧសភា FedEx ក៏បានបង្វែរគោលដៅកញ្ចប់ឥវ៉ាន់ចំនួនពីរ មានប្រភពពីប្រទេសជប៉ុន ដែលត្រូវដឹកមកកាន់ក្រុមហ៊ុន Huawei នៅចិនទៅកាន់អាមេរិកផងដែរ ហើយបានព្យាយាមធ្វើដូចនេះលើកញ្ចប់ពីរទៀត ដែលមកពីវៀតណាម។ ពេលនោះក្រុមហ៊ុន FedEx បានសុំទោសអតិថិជនដូចគ្នា ចំពោះកំហុសឆ្គងនៃការដឹកជញ្ជូន។ បច្ចុប្បន្ន Huawei កំពុងតែបើកការស៊ើបអង្កេតករណីទាំងនេះ ៕