(រីយ៉ាដ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានធ្វើដំណើរទៅដល់ទីក្រុង ហ្សេដដាហ៍ (Jeddah) នៃប្រទេសអារ៉ាប៊ីសាអូឌីតហើយនៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអារ៉ាប់ ជុំវិញភាពតានតឹងជាមួយអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩។
លោក ប៉ុមប៉េអូ ដែលនឹងត្រូវបំពេញទស្សនកិច្ច ទៅកាន់ប្រទេសអេមីរ៉ាត់អារ៉ាប់រួមផងដែរ បានថ្លែងបញ្ជាក់នៅមុនជិះយន្ដហោះ ចាកចេញពីទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកនៅតែចង់ ដោះស្រាយបញ្ហាជាមួយអ៊ីរ៉ង់តាមវិធានការទូតដដែល ហើយថា លោកនឹងពិភាក្សាជាមួយថ្នាក់ដឹកនាំអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួមពីលទ្ធភាពបង្កើតក្រុមចំរុះអន្តរជាតិមួយ ដើម្បីដោះស្រាយបញ្ហាបច្ចុប្បន្នជាមួយតេហេរ៉ង់។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឡើងកម្ដៅជាអតិបរមា បន្ទាប់ពីកងទ័ពអ៊ីរ៉ង់បាញ់ទម្លាក់ យន្ដហោះដ្រូនស៊ើបការណ៍អាមេរិកមួយគ្រឿង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ ប៉ុន្តែភាពតានតឹងនេះត្រូវបានគេរំពឹងថា នឹងកើតមានឡើងជាថ្មី ខណៈទណ្ឌកម្មថ្មីប្រឆាំងនឹងអ៊ីរ៉ង់ នឹងត្រូវចូលជាធរមាននៅថ្ងៃចន្ទនេះ (ពេលវេលានៅទីក្រុងវ៉ាស៊ីនតោន)៕