(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាំម៉ាត់ បានអះអាងជាថ្មីពីពាក្យសន្យាពាក់ព័ន្ធនឹងការប្រគល់អំណាចទៅលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ជាមួយការកំណត់កាលបរិច្ឆេទមិនឱ្យលើស ០៣ឆ្នាំឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ នាឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ ក្នុងទីក្រុងបាងកកប្រទេសថៃ លោក មហាធៀ បានលើកឡើងយ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងការព្រួយបារម្ភរបស់ខ្ញុំ ខ្ញុំបានសន្យាថា នឹងលាលែងពីតំណែង ហើយឱ្យលោក អាន់វ៉ា បន្តតំណែងពីខ្ញុំវិញ»

ដោយឡែកនៅពេលត្រូវបានសាកសួរថា តើលោកចង់បន្តកាន់អំណាចដើម្បីមើលឃើញ ជោគជ័យនៃកាត់បន្ថយបំណុលរបស់ម៉ាឡេស៊ីពី ៨០ភាគរយមកនៅត្រឹម ៥៤ភាគរយដែលត្រូវចំណាយពេល ០៣ឆ្នាំ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីវ័យ ៩៣ឆ្នាំរូបនេះ បានបញ្ជាក់យ៉ាងខ្លីថា លោកនឹងមិនកាន់អំណាចលើសពី ០៣ឆ្នាំនោះទេ។

គួរបញ្ជាក់ថា បើតាមគណបក្ស គាឌីឡាន រ៉ាក់យ៉ាត (Keadilan Rakyat ឬ PKR) របស់លោក អាន់វ៉ា កិច្ចព្រមព្រៀងមួយកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ បានឯកភាពថា លោក អាន់វ៉ា នឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ជំនួសលោក មហាធៀ នៅក្រោយរយៈកាលពី ០២ឆ្នាំ៕