(តេហេរ៉ង់)៖ មេបញ្ជាការម្នាក់នៃទ័ពជើងទឹកអ៊ីរ៉ង់ គឺលោក ហូស្សេន ខាន់ហ្សាឌី (Hossein Khanzadi) បានព្រមានបន្ថែមទៀតថា ការបាញ់យន្តហោះដ្រូនអាមេរិកនឹងអាចកើតឡើងសាជាថ្មី ហើយទីក្រុងវ៉ាស៊ីនតោនខ្លួនឯងក៏ដឹងច្បាស់ដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩។
លោក Khanzadi បាននិយាយយ៉ាងដូច្នេះថា «អ្នករាល់គ្នាបានដឹងហើយពីការបាញ់ទម្លាក់យន្តហោះដ្រូនស៊ើបការណ៍សម្ងាត់របស់អាមេរិក ហើយខ្ញុំអាចធានាបានថា សកម្មភាពឆ្លើយតបយ៉ាងច្បាស់ៗនេះអាចនឹងកើតឡើងសាជាថ្មី ហើយសត្រូវយើងក៏ដឹងច្បាស់ដែរ»។ កាលពីថ្ងៃសៅរ៍កន្លងទៅ មេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ អាមើរ៉ាលី ហាជិហ្សាដេហ៍ (Amirali Hajizadeh) ក៏បានបញ្ជាក់ដូចគ្នានេះដែរថា ប្រសិនបើយន្ដហោះដ្រូនអាមេរិករំលោភចូលដែនអាកាសអ៊ីរ៉ង់ជាថ្មី នោះប្រទេសលោកនឹងបាញ់ទម្លាក់ទៀត។
គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន យោធាអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះដ្រូនស៊ើបការណ៍អាមេរិកមួយគ្រឿង ព្រោះបានរំលោភចូលដែនអាកាសរបស់អ៊ីរ៉ង់។ ភ្លាមៗក្រោយមកយោធាអាមេរិកបានទទួល ស្គាល់ថាវាគឺជាការពិត ប៉ុន្តែយន្តហោះដ្រូននោះ ហោះហើរនៅក្នុងដែនអាកាសអន្តរជាតិលើច្រកសមុទ្រ ហ័រមូស (Hormuz)។ ទង្វើនេះ បានធ្វើឲ្យលោក ដូណាល់ ត្រាំ ក៏បានបញ្ជាឱ្យកងទ័ពអាមេរិក បើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងអ៊ីរ៉ង់ជាការសងសឹក ប៉ុន្តែលោកលុបចោលបទបញ្ជានេះ ទៅវិញដោយអះអាងថា ការវាយប្រហារនេះអាចនឹងផ្ដាច់ជីវិតមនុស្ស ១៥០នាក់ ហើយអ៊ីរ៉ង់ប្រហែលជាបាញ់ដោយការភ័ន្តច្រឡំ ដែលមិនមែនជាចេតនានោះឡើយ៕