(អង់ការ៉ា)៖ គណបក្សកាន់អំណាច AKP របស់ប្រធានាធិបតីតួកគី លោក រ៉េសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) បានទទួលបរាជ័យសាជាថ្មី នៅក្នុងការបោះឆ្នោតជ្រើសរើសអភិបាលក្រុងអ៊ីស្ដង់ប៊ូល កាលពីថ្ងៃអាទិត្យ។ នេះលទ្ធផលបោះឆ្នោតចុងក្រោយបំផុត ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩។
យោងតាមលទ្ធផលរាប់បាន ៩៩ភាគរយ ចេញផ្សាយកាលពីយប់ថ្ងៃអាទិត្យ លោក អេគ្រែម អ៊ីម៉ាម៉ូគ្លូ (Ekrem Imamoglu) ដែលជាបេក្ខជនអភិបាលក្រុងអ៊ីស្ដង់ប៊ូល មកពីគណបក្សប្រឆាំង Republican People's Party ឬគណបក្សប្រជាជនសាធារណរដ្ឋ ទទួលបានសន្លឹកឆ្នោតច្រើនជាង ៧៧៥,០០០សំឡេង ឬស្មើនឹង ៥៤ភាគរយ ខណៈលោក ប៊ីណាលី យីលឌីរីម (Binali Yildirim) ជាអតីតនាយករដ្ឋមន្ត្រីតួកគីមកពីគណបក្ស AKP ទទួលបានសំឡេងគាំទ្រ ៤៥ភាគរយ។
គួរបញ្ជាក់ថា លោក Ekrem Imamoglu ធ្លាប់ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតអភិបាលក្រុង អ៊ីស្ដង់ប៊ូល កាលពីខែមីនាកន្លងទៅ ប៉ុន្តែលទ្ធផលឆ្នោតត្រូវបានលុបចោលបន្ទាប់ពីគណបក្ស AKP ចោទថា មានការក្លែងបន្លំ និងអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតជាថ្មី។ យ៉ាងណាក៏ដោយ នៅពេលនេះលោក Binali Yildirim បានទទួលស្គាល់បរាជ័យ រីឯប្រធានាធិបតីលោក Erdogan ក៏បានអបអរសាទរដល់ជ័យជម្នះរបស់លោក Imamoglu ផងដែរ៕