(ប៉េកាំង)៖ គ្រោះធម្មជាតិរញ្ជួយផែនដីដ៏កក្រើកដែលមានកម្រិតរហូតដល់ទៅ ៧.៦រ៉ិចទ័រ បានវាយប្រហារដែនសមុទ្រ បាន់ដា (Banda Sea) នៃប្រទេសឥណ្ឌូណេស៊ី នៅវេលាម៉ោង ១០៖៥៣នាទីព្រឹកថ្ងៃចន្ទនេះតែម្តង (ម៉ោងនៅទីក្រុងប៉េកាំង) ខណៈដែលប៉ុន្មានម៉ោងមុខនេះ គ្រោះរញ្ជួយដីមួយទៀតកម្រិតបង្គួរ ៦.១រ៉ិចទ័រ ក៏ទើបតែបានវាយប្រហារខេត្តប៉ាពួ ភាគខាងកើតប្រទេសអាស៊ីអាគ្នេយ៍នេះផងដែរ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយស៊ីនហួរ ដកស្រង់ទិន្នន័យពីមជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីចិន CENC នាព្រឹកថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩។
មិនទាន់មានសេចក្តីរាយការណ៍អំពីការរងគ្រោះ ឬក៏អាចកើតមានរលកយក្សស៊ូណាមិនោះឡើយ ប៉ុន្តែរំញ័ររហូតដល់កម្រិត ៧.៦រ៉ិចទ័របែបនេះគឺពិតជាធ្ងន់ធ្ងរ និងកម្រកើតមានឡើងណាស់នៅទូទាំងពិភពលោក។ គួរបញ្ជាក់ថា ដែនសមុទ្របាន់ដាស្ថិតនៅភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី ដោយមានបណ្តោះកោះធំៗរួមទាំងរដ្ឋធានីហ្សាការតាផងដែរ នៅព័ទ្ធជុំវិញ៕