(ហ្សាការតា)៖ គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារខេត្ត ប៉ាពួ (Papua) ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ក៏ប៉ុន្តែពុំបានបង្កការគំរាមកំហែងនៃរលកយក្សឡើយ។ នេះបើតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS ចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩។
បើតាម USGS រញ្ជួយដីខាងលើបានកើតឡើងនៅចម្ងាយ ២៤០គីឡូម៉ែត្រភាគខាងលិចក្រុង អាបេភួរ៉ា (Abepura) ក្នុងខេត្តប៉ាពួ (Papua) នាព្រឹកថ្ងៃចន្ទនេះតែម្តង និងមានរំញ័រចេញពីក្នុងដីជម្រៅ ២១គីឡូម៉ែត្រ។ យ៉ាងណាមិញភ្លាមៗបែបនេះ ពុំទាន់មានសេចក្តីរាយការណ៍ថា វាបានបង្កឲ្យមានមនុស្សរងគ្រោះ ឬមួយក៏ការខូចខាតនៅឡើយទេ។
គួរជម្រាបថា ឥណ្ឌូណេស៊ីស្ថិតក្នុងចំណោមប្រទេស ដែលនៅចំតំបន់ខ្សែក្រវាត់ភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក ទើបជាហេតុធ្វើឲ្យប្រទេសនេះតែងរងគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងជាញឹកញាប់។ កាលពីសប្តាហ៍មុននេះ តំបន់ខាងលើក៏បានទទួលរងការវាយប្រហារពីរញ្ជួយដី កម្រិត ៦.៣រ៉ិចទ័រផងដែរ ដែលមានជម្រៅរាក់ជាងលើកនេះ ប៉ុន្តែវាមិនបានបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរអ្វីឡើយ៕