(តេហេរ៉ង់)៖ សមាជិកសភាអ៉ីរ៉ង់ បាននាំគ្នាស្រែកជេរប្រទេចសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំសភា ពេញអង្គមួយនៅថ្ងៃអាទិត្យនេះ បន្ទាប់ពីអនុប្រធានសភាម្នាក់ ចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាជា «មេភេរវករពិភពលោក»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០១៩។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ បានទទួលស្គាល់ថាពិតជាបានបញ្ជាឱ្យ យោធាអាមេរិកបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងអ៉ីរ៉ង់ពិតមែន ប៉ុន្តែលោកសម្រេចចិត្តដក បញ្ជាវិញភ្លាមៗ ដោយសារតែការវាយប្រហារនេះ អាចនឹងផ្ដាច់ជីវិតមនុស្ស១៥០នាក់។ ប៉ុន្តែ អ៉ីរ៉ង់ វិញ ក៏បានព្រមានដែរថាខ្លួននឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ រាល់ការគំរាមកំហែងមកលើ បូរណភាពទឹកដីរបស់ខ្លួន។
ជុំវិញភាពតានតឹងនេះដែរ អនុប្រធានសភាអ៉ីរ៉ង់ លោក Masoud Pezeshkian បានចោទប្រកាន់ សហរដ្ឋអាមេរិកត្រង់ៗតែម្ដងថាជាមេភេរវករពិភពលោក។ លោក Masoud លើកឡើងដូច្នេះថា៖ «សហរដ្ឋអាមេរិក គឺជាមេភេរវករពិភពលោក ដោយសារតែប្រទេសមួយនេះបានបង្កភាពចលាចល និងអសន្តិសុខនៅក្នុងប្រទេសជាច្រើន តាមរយៈការផ្ដល់អាវុធទំនើបឱ្យពួកភេរវករ»។ យ៉ាងណា ក៏ដោយអនុប្រធានសភារូបនេះមិនបានបង្ហាញភស្ដុតាង ដើម្បីបញ្ជាក់ពីការអះអាងរបស់លោក ឡើយ។
គួរជម្រាបថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ បានប្រកាសថាទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមប្រឆាំង អ៉ីរ៉ង់ នឹងត្រូវចូលជាធរមាននៅថ្ងៃចន្ទស្អែកនេះ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) ដើម្បីរារាំងកុំឱ្យ សាធារណរដ្ឋឥស្លាមមួយនេះមានអាវុធនុយក្លេអ៊ែរ។ មិនតែប៉ុណ្ណោះ លោកក៏បានបញ្ជាក់ដែរថា ជម្រើសប្រើប្រាស់កម្លាំងយោធាប្រឆាំងទីក្រុងតេហេរ៉ង់ នៅតែស្ថិតនៅលើតុរបស់លោកជានិច្ច៕