(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានបើកការវាយប្រហារព័ត៌មានវិទ្យាមួយ ដោយធ្វើឱ្យប្រព័ន្ធអាវុធ ជាច្រើនរបស់អ៉ីរ៉ង់គាំងដំណើរការ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ខណៈលោក ដូណាល់ ត្រាំ លុបចោលបទបញ្ជាវាយប្រហារតាមផ្លូវអាកាសប្រឆាំងទីក្រុងតេហេរ៉ង់។ នេះបើតាមការចេញផ្សាយ ដោយកាសែត Washington Post នៅថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០១៩។
ផ្អែកលើប្រភពទទួលបាន ពីក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ កាសែតអាមេរិក Washington Post បានបញ្ជាក់ទៀតថា ការវាយប្រហារព័ត៌មានវិទ្យានេះ ត្រូវបានគ្រោងទុកអស់ រយៈពេលជាច្រើនសប្ដាហ៍មកហើយ ដោយមានគោលដៅធ្វើឱ្យប្រព័ន្ធកុំព្យូទ័រគ្រប់គ្រងអាវុធដូច ជាគ្រាប់រ៉ុក្កែត និងប្រព័ន្ធបាញ់មីស៊ីលរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ គាំងដំណើរការ។
ម្យ៉ាងវិញទៀត ការវាយប្រហារនេះទៀតសោត ត្រូវបានធ្វើឡើងជាការសងសឹកទៅនឹងអ៉ីរ៉ង់ចំពោះ ការបាញ់ទម្លាក់យន្ដហោះដ្រូនអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ រួមទាំងការវាយប្រហារលើកប៉ាល់ ដឹកប្រេងជាច្រើនគ្រឿង ដែលអាមេរិកចោទអ៉ីរ៉ង់ថាជាអ្នកប្រព្រឹត្ត នៅក្នុងតំបន់ឈូងសមុទ្រអ៉ូម៉ង់ និងឈូងសមុទ្រនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នាពេលថ្មីនេះ។ ប៉ុន្តែ ខាងអ៉ីរ៉ង់មិនទាន់ប្រតិកម្មតប នឹងការអះអាងរបស់ Washington Post នៅឡើយទេ។
គួរបញ្ជាក់ថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ត្រូវបានគេរំពឹងថានឹងកាន់តែឡើងកម្ដៅ បន្ទាប់ពី លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ បានប្រកាសថាទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមដ៏ធំសមើ្បម មួយប្រឆាំងអ៉ីរ៉ង់នឹងត្រូវចូលជាធរមាននៅថ្ងៃចន្ទស្អែកនេះ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) ដើម្បីរារាំង កុំឱ្យទីក្រុងតេហេរ៉ង់មានអាវុធនុយក្លេអ៊ែរ៕