(តេហេរ៉ង់)៖ ការបាញ់ទម្លាក់យន្ដហោះដ្រូនស៊ើបការណ៍អាមេរិក នៅក្នុងដែនអាកាសអ៉ីរ៉ង់គឺជា ការឆ្លើយតបមួយដ៏ត្រឹមត្រូវ ហើយយោធាអ៉ីរ៉ង់នឹងបន្តចាត់វិធានការរបៀបនេះ បើសិនជា យន្ដហោះដ្រូនអាមេរិករំលោភចូលដែនអាកាសអ៉ីរ៉ង់ជាថ្មី។ នេះបើតាមមេបញ្ជាការកងកម្លាំងឆ្មាំ បដិវត្តន៍អ៉ីរ៉ង់ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០១៩។
ថែ្លងប្រាប់សារព័ត៌មាននៅក្នុងស្រុក កាលពីថ្ងៃសៅរ៍ មេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ លោក ឧត្ដមសេនីយត្រី Amirali Hajizadeh បានគូសបញ្ជាក់ដូច្នេះថា៖ «យើងបានប្រមូលបំណែក ជាច្រើនរបស់យន្ដហោះដ្រូនអាមេរិក ដែលនេះជាភស្ដុតាបង្ហាញយ៉ាងច្បាស់ថាយន្ដហោះដ្រូន អាមេរិកបានរំលោភចូលដែនអាកាសអ៉ីរ៉ង់ និងមិនគោរពច្បាប់អន្តរជាតិទាល់តែសោះ...ដូច្នេះ បើសិនជាសកម្មភាពឈា្លនពានរបៀបនេះកើតឡើងជាថ្មី នោះអ៉ីរ៉ង់នឹងមិនស្ទាក់ស្ទើរឡើយក្នុង ការបាញ់ទម្លាក់»។
គួរជម្រាបថា សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានទទួលស្គាល់ថាអ៉ីរ៉ង់ពិតជាបានបាញ់ ទម្លាក់យន្ដហោះដ្រូនប្រភេទ RQ-4A មួយគ្រឿង (មានតម្លៃថ្លៃជាង២០០លានដុល្លារ) នៅក្នុង ដែនអាកាសអន្តរជាតិ ពីលើច្រកសមុទ្រហ័រមូស (Hormuz)។ ប៉ុន្តែ អ៊ីរ៉ង់ចោទថាយន្ដហោះដ្រូន ស៊ើបការណ៍សម្ងាត់នេះ ត្រូវបានបាញ់ទម្លាក់នៅពេលវាហោះរំលោភ ចូលដែនអាកាសរបស់ខ្លួន នៅក្នុងខេត្តហ័រម៉ូសហ្គាន់ (Hormozgan)។
ដោយឡែក នៅយប់ថ្ងៃដដែលនោះ លោក ដូណាល់ ត្រាំ ក៏បានបញ្ជាឱ្យកងទ័ពអាមេរិក បើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងអ៉ីរ៉ង់ ជាការសងសឹកវិញផងដែរ។ ប៉ុន្តែលោកលុប ចោលបទបញ្ជានេះទៅវិញ ដោយអះអាងថាការវាយប្រហារនេះអាចនឹងផ្ដាច់ជីវិត មនុស្ស១៥០នាក់៕