(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាទណ្ឌកម្មសេដ្ឋកិច្ច បន្ថែមដ៏ធំសមើ្បមមួយប្រឆាំងអ៉ីរ៉ង់ នឹងត្រូវចូលជាធរមាននៅថ្ងៃចន្ទស្អែកនេះ (ម៉ោងនៅទីក្រុង វ៉ាស៊ីនតោន) ដើម្បីរារាំងកុំឱ្យសាធារណរដ្ឋឥស្លាមមួយនេះមានអាវុធនុយក្លេអ៊ែរ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសារមួយបង្ហោះលើ Twitter កាលពីរសៀលថ្ងៃសៅរ៍។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «យើងនឹងដាក់ទណ្ឌកម្មបន្ថែមលើអ៉ីរ៉ង់ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ...ហើយទណ្ឌកម្មនេះនឹងត្រូវអនុវត្ត រហូតទាល់តែថ្នាក់ដឹកនាំ ទីក្រុងតេហេរ៉ង់ កែប្រែអត្តចរិកសព្វថ្ងៃ»។ លោកត្រាំបន្ថែមថា បើសិនជាអ៉ីរ៉ង់ចង់ក្លាយជាប្រទេស មួយដ៏រុងរឿង វាមិនមែនអីទេសម្រាប់លោក។ តែអ៉ីរ៉ង់ មិនអាចសម្រេចបំណងនេះបានឡើយ បើពួកគេយល់ថានឹងមានអាវុធនុយក្លេអ៊ែរនៅ៥ឆ្នាំ ឬ៦ឆ្នាំក្រោយ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បច្ចុប្បន្ន កំពុងស្ថិតនៅមាត់ជ្រោះនៃ ជម្លោះប្រដាប់អាវុធ បន្ទាប់ពីយោធាអ៉ីរ៉ង់បាញ់ទម្លាក់យន្ដហោះដ្រូនស៊ើបការណ៍អាមេរិកមួយ គ្រឿងកាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅ។ លើសពីនេះទៅទៀត ក្នុងយប់ថ្ងៃដដែលនោះដែរ លោកត្រាំ បានបញ្ជាឱ្យកងទ័ពអាមេរិក បើកការវាយប្រហារតាមអាកាសប្រឆាំងអ៉ីរ៉ង់ ប៉ុន្តែលោក លុបចោលបទបញ្ជានេះទៅវិញ ដោយអះអាងថាការវាយប្រហារនេះអាចនឹងផ្ដាច់ជីវិតមនុស្ស ១៥០នាក់។
យ៉ាងណាក៏ដោយ លោក ដូណាល់ ត្រាំ នៅតែបញ្ជាក់ថា ជម្រើសប្រើប្រាស់កម្លាំងយោធាប្រឆាំង អ៉ីរ៉ង់មាននៅលើតុជានិច្ច ខណៈភាពតានតឹងរវាងប្រទេសទាំង២ ត្រូវបានគេរំពឹងថានឹងកាន់តែ ឡើងកម្ដៅដោយសារតែការប្រកាសដាក់ទណ្ឌកម្មបន្ថែមនៅពេលនេះ និងនៅក្រោយពេលដែល ទីក្រុងតេហេរ៉ង់ បង្កើនការស្ដុកទុក និងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញចាប់ពីថ្ងៃទី២៧ ខែមិថុនា តទៅ៕