Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តើបុគ្គលរូបណាអាចឃាត់លោក ដូណាល់ ត្រាំ ទាន់ពេល ឲ្យផ្អាកការវាយប្រហារលើអ៊ីរ៉ង់?

22-06-2019 20:28

(វ៉ាស៊ីនតោន)៖ កាសែតអាមេរិក The New York Times បានរាយការណ៍ថា ការដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រេចដកបញ្ជាវាយប្រហារលើប្រទេសអ៊ីរ៉ង់វិញ ដោយសារតែលោកទំនងជាបានទទួលយកយោបល់ ពីពិធីករល្បីឈ្មោះមួយរូបនៃស្ថានីយទូរទស្សន៍ព័ត៌មានសំណព្វចិត្តរបស់លោកគឺ Fox News។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៩។

យោងតាមកាសែត The New York Times ខណៈដែលមនុស្សជំនិតរបស់លោក ត្រាំ ព្យាយាមខ្សឹបដាក់ត្រចៀក ដើម្បីបញ្ឆេះឲ្យលោកបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ដើម្បីជាការឆ្លើយតបចំពោះការបាញ់ទម្លាក់ យន្តហោះដ្រូនស៊ើបការណ៍អាមេរិក ដែលអ៊ីរ៉ង់អះអាងថា បានរំលោភចូលដែនអាកាសរបស់អ៊ីរ៉ង់នោះ អ្នកអត្ថាធិប្បាយព័ត៌មានរបស់ Fox News គឺលោក ថាកខឺ ខាលសុន (Tucker Carlson) បាននិយាយថា «ការប្រើប្រាស់កម្លាំងបាយ គឺជារឿងដ៏ឆោតល្ងង់មួយ»។

លោក Carlson ពិធីករទូរទស្សន៍ Fox News ដែលលោក ត្រាំ តែងកោតសរសើរបានបន្ថែមទៀតថា មនុស្សស្រឡាញ់សង្គ្រាមនៅក្នុងរដ្ឋបាលអាមេរិកបច្ចុប្បន្ន ពុំបានដាក់ផលប្រយោជន៍របស់លោក ត្រាំ នៅក្នុងបេះដូងពួកគេឡើយ ហើយបើលោកហ៊ានតែបង្កសង្រ្គាមឬបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់នោះ រូបលោកនឹងបាត់បង់ឱកាសក្នុងការជាប់ឆ្នោតម្តងទៀត នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ជាក់ជាពុំខាន។

គួរជម្រាបថា តាមរយៈការបង្ហោះសារលើបណ្តាញសង្គម Twitter កាលពីថ្ងៃសុក្រ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកសម្រេចលុបចោលបទបញ្ជាឲ្យវាយប្រហារលើទីតាំងចំនួន ០៣ក្នុងទឹកដីអ៊ីរ៉ង់ តែ១០នាទីប៉ុណ្ណោះ មុនបញ្ជានេះត្រូវអនុវត្តន៍ ក្រោយលោកដឹងថា ជនជាតិអ៊ីរ៉ង់ប្រមាណ ១៥០នាក់ នឹងត្រូវបាត់បង់ជីវិតដោយសារការវាយប្រហារនេះ៕