(ហាវ៉ៃ)៖ យន្តហោះខ្នាតតូចមួយគ្រឿងដែលមានម៉ាស៊ីនពីរ បានធ្លាក់នៅលើព្រលានមួយឈ្មោះ ឌីលលីងហាម (Dillingham) នៃកោះហាវ៉ៃរបស់សហរដ្ឋអាមេរិក ដោយបានផ្តាច់ជីវិតមនុស្សជិះ​នៅលើទាំងអស់០៩នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៩។

ប្រធានទីភ្នាក់ងារពន្លត់អគ្គីភ័យនៃទីក្រុង ហូណូលូលូ (Honolulu) លោក ម៉ានូអ៊ែល ណេវែស (Manuel Neves) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «នៅពេលមកដល់ ពួកយើងឃើញយន្តហោះត្រូវភ្លើងឆាបឆេះពេញទំហឹង។ យើងបានព្យាយាមពន្លត់អគ្គីភ័យរហូតបានសម្រេច តែមានការលំបាកជាខ្លាំង។ អំឡុងបម្រើការងារជាអ្នកពន្លត់អគ្គីភ័យរយៈពេល ៤០ឆ្នាំមកនេះនៅហាវ៉ៃ នេះគឺជាគ្រោះថ្នាក់ធ្លាក់យន្តហោះដ៏អាក្រក់បំផុត ដែលយើងទើបជួបប្រទះ»

គួរបញ្ជាក់ថា បើតាមមន្ត្រីជើងចាស់ខាងលើនេះ យន្តហោះបានធ្លាក់នៅក្បែរបរិវេណជិតផ្លូវហោះឡើង និងចុះចតនៃព្រលានយន្តហោះខាងលើនេះ។ អាជ្ញាធរមិនទាន់អាចបញ្ជាក់បានឡើយថា តើយន្តហោះនោះធ្លាក់ក្នុងពេលព្យាយាមហោះឡើង ឬចុះចត ហើយអត្តសញ្ញាណនៃជនរងគ្រោះទាំងអស់ ក៏មិនទាន់មានការបញ្ជាក់ដែរ៕