Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិកចេញមុខបដិសេធការផ្សាយព័ត៌មានថា ខ្លួនបានបញ្ជូនសារសម្ងាត់ទៅអ៊ីរ៉ង់ តាមរយៈមន្ត្រីអូម៉ង់! (Video inside)

22-06-2019 14:26

(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសនៃសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ច្រានចោល នូវការផ្សាយព័ត៌មាននានាកន្លងមកនេះថា លោក ដូណាល់ ត្រាំ បានបញ្ជូនសារសម្ងាត់មួយ តាមរយៈមន្ត្រីអូម៉ង់ដើម្បីបញ្ជូនបន្តទៅឲ្យអ៊ីរ៉ង់ ខណៈរដ្ឋាភិបាលអ៊ីរ៉ង់វិញក៏ទើបតែបានចេញមុខ ទាត់ចោលសេចក្តីរាយការណ៍នេះដូចគ្នា។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៩។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ម័រហ្គេន អ័រតាហ្គឹស (Morgan Ortagus) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ព័ត៌មានចេញផ្សាយកាលពីយប់មិញ (ពេលវេលានៅវ៉ាស៊ីនតោន) ថាសារមួយត្រូវបានអាមេរិកបញ្ជូនទៅកាន់អ៊ីរ៉ង់ តាមរយៈមន្ត្រីសម្ងាត់របស់អូម៉ង់នោះ គឺជារឿងមិនពិតឡើយ...។ សេចក្តីរាយការណ៍ទាំងនោះប្រាកដណាស់ថា ជាការប្រឌិតរបស់អ៊ីរ៉ង់ប៉ុណ្ណោះ។ អ៊ីរ៉ង់ត្រូវតែប្រើប្រាស់ផ្លូវការទូត ដើម្បីទាក់ទងមកកាន់ផ្នែកការទូតរបស់យើង...»

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសារព័ត៌មាន Reuters បានចេញផ្សាយថា រដ្ឋាភិបាលអ៊ីរ៉ង់បាន ទទួលសារមួយពីលោក ដូណាល់ ត្រាំ តាមរយៈមន្ត្រីសម្ងាត់នៅអូម៉ង់ ដោយក្នុងនោះគឺបានបញ្ជាក់ អំពីការព្រមានរបស់អាមេរិក ក្នុងការវាយប្រហារអ៊ីរ៉ង់ក្នុងពេលឆាប់ៗ បន្ទាប់ពីអ៊ីរ៉ង់បាន បាញ់ទម្លាក់ យន្តហោះដ្រូនស៊ើបការណ៍សម្ងាត់អាមេរិក ដែលមានតម្លៃជាង ២០០លានដុល្លារ នៅក្នុងដែនអាកាសដែលអាមេរិកបានអះអាងថា ជាដែនអាកាសអន្តរជាតិ ប៉ុន្តែអ៊ីរ៉ង់ក៏បានតបទៅវិញផងដែរថា វាគឺជាដែនអាកាសអ៊ីរ៉ង់ដែលដ្រូនអាមេរិក បានហោះរំលោភចូលមក ហើយបំណែកយន្តហោះដ្រូននោះ បានធ្លាក់ទៅក្នុងដែនទឹកអ៊ីរ៉ង់ផងដែរ។

ទោះបីជាសារសម្ងាត់ខាងលើនេះ ជាការគំរាមអ៊ីរ៉ង់ក៏ដោយតែនៅក្នុងនោះត្រូវគេអះអាងថា ក៏មានបង្កប់សារចង់ចរចាពីសំណាក់លោក ដូណាល់ ត្រាំ ផងដែរនៅក្នុងន័យបញ្ចៀសសង្គ្រាម នៅក្នុងតំបន់មជ្ឈិមបូព៌ា។ នៅក្រោយសារនោះចេញផ្សាយបន្តិច លោក ដូណាល់ ត្រាំ បានលើកឡើងថា តាមពិតទៅក្រោយបានដឹងអំពីការបាញ់ទម្លាក់ដ្រូនភ្លាមៗ លោកបានបង្គាប់ឲ្យ យោធាត្រៀមធ្វើការវាយប្រហារលើមូលដ្ឋានយោធាអ៊ីរ៉ង់ចំនួនបីទីតាំង ដែលនឹងធ្វើឲ្យមនុស្ស ១៥០នាក់ស្លាប់ ប៉ុន្តែលោកបានលុបបញ្ជានេះវិញភ្លាមៗ ក្នុងរយៈពេលតែ ១០នាទីប៉ុណ្ណោះ។ ដោយឡែកសប្តាហ៍នេះក្រោយនេះ ក្រុមប្រឹក្សាសន្តិសុខ UN នឹងបើកកិច្ចប្រជុំ បិទទ្វារមួយតបតាមសំណើអាមេរិក ដើម្បីឆ្លើយតបបញ្ហាក្តៅគគុកខាងលើ៕