(កូឡុំបូ)៖ ការប្រកាសអាសន្នផ្នែកសន្តិសុខថ្នាក់ជាតិ ដែលដាក់ចេញក្រោយករណីវាយប្រហារថ្ងៃបុណ្យ Easter ដែលបានផ្តាច់ ជីវិតមនុស្ស ២៥៨នាក់នៅស្រីលង្កា ត្រូវបានប្រធានាធិបតីស្រីលង្កា ម៉ៃស្រ៊ីផាឡា ស៊ីរីសេណា (Maithripala Sirisena) ប្រកាសពន្យារពេលថែមទៀតនាថ្ងៃសៅរ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៩។
ការប្រកាសអាសន្នខាងលើ ដែលត្រូវបានអនុវត្តន៍ ក្រោយមានការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត នៅចំថ្ងៃបុណ្យគ្រឹស្តសាសនា Easter កាលពីមេសាកន្លងមក តាមពិតត្រូវផុតកំណត់នាថ្ងៃសៅរ៍នេះ។ ការប្រកាសអាសន្នថ្នាក់ជាតិខាងលើ ផ្តល់អំណាចឲ្យប៉ូលិសនិងកម្លាំងរក្សាសន្តិសុខស្រីលង្កា ធ្វើការចាប់ក៏ដូចជាឃុំខ្លួនជនសង្ស័យតាមការគួរ។ ពាក់ព័ន្ធនឹងការវាយប្រហារដ៏ប្រល័យនេះ មនុស្សជាង ១០០នាក់ក្នុងនោះមានស្រី្ត ១០នាក់កំពុងជាប់ឃុំឃាំង។
គួរជម្រាបថា កាលពីចុងខែឧសភាកន្លងទៅ លោក Sirisena បានប្រាប់អន្តរជាតិថា ស្ថានការណ៍សន្តិសុខនៅប្រទេសលោក បានវិលឡប់មកដូចដើមវិញ ៩៩ភាគរយហើយ ហើយលោកនឹងអនុញ្ញាតឲ្យការប្រកាសអាសន្ននេះ រំសាយទៅវិញនៅថ្ងៃទី២២ ខែមិថុនានេះ។ ជុំវិញការកែប្រែគោលជំហរនេះ រដ្ឋាភិបាលស្រីលង្កាមិនទាន់ចេញមុខបកស្រាយនៅឡើយទេ ខណៈសន្តិសុខក្នុងរដ្ឋធានីកូឡុំបូ នៅតែបន្តស្ថិតក្រោមការរឹតបន្តឹង៕