(ម៉ានីល)៖ ក្រុមហ៊ុនទូរគមនាគមន៍ហ្វីលីពីន Globe Telecom នាថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសអំពីការគម្រោងដាក់ដំណើរការនូវប្រព័ន្ធសេវា 5G មុនគេនៅអាស៊ីអាគ្នេយ៍នាខែក្រោយនេះ ដោយប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុនចិន Huawei បើទោះបីជាកន្លងមកនេះ អាមេរិកបានអំពាវនាវឲ្យសម្ព័ន្ធមិត្តនានារបស់ខ្លួន បដិសេធចំពោះបច្ចេកវិទ្យានៃក្រុមហ៊ុនយក្សចិននេះក៏ដោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៩។
ប្រធានក្រុមហ៊ុន Globe លោក អៀណែស គូ (Earnest Cu) បាននិយាយថា «ពួកយើងទីបំផុតបានបោះជំហានដ៏សំខាន់មួយ ក្នុងកិច្ចប្រឹងប្រែងសម្រេចគោលដៅនៃការតភ្ជាប់លំនៅឋានក្នុងប្រទេសហ្វីលពីន ឲ្យកាន់តែច្រើនថែមទៀត រួមជាមួយចក្ខុវិស័យនៃការនាំយក សេវាអ៊ីនធើណែតល្បឿនលឿនឲ្យកាន់ហ្វីលីពីន»។ ក្រៅពីសហការជាមួយក្រុមហ៊ុន Globe Telecom ក្រុមហ៊ុន Huawei ក៏មាន កិច្ចសន្យាផ្គត់ផ្គង់បរិក្ខាប្រព័ន្ធឃ្លាំមើលសុវត្ថិភាព សម្រាប់គម្រោងមួយទំហំ ៤០០លានដុល្លាររបស់ប៉ូលិសហ្វីលីពីន ដើម្បីកាត់បន្ថយបទឧក្រិដ្ឋនៅតាមទីក្រុង នៃប្រទេសហ្វីលីពីនផងដែរ។
គួរជម្រាបថា កំឡុងទស្សនកិច្ចមកកាន់ហ្វីលីពីនកាលពីខែមីនាកន្លងទៅ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ក៏ធ្លាប់បានព្រមានហ្វីលីពីន ប្រឆាំងនឹងការប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei ខណៈហ្វីលីពីនត្រូវបានគេដឹងថា ជាប្រទេសដែលមានទំនាក់ទំនងផ្នែកយោធា យ៉ាងល្អិតល្មួតជាមួយនឹងសហរដ្ឋអាមេរិក៕