(កង់បេរ៉ា)៖ ក្រុមហ៊ុនមួយរបស់សិង្ហបុរី បានបង្ហាញពីគម្រោងសាងសង់សួនផ្ទាំងសូឡាធំបំផុតលើលោក ដើម្បីទាញយកថាមពលពន្លឺ ព្រះអាទិត្យនៅឯភាគកណ្តាលប្រទេសអូស្រ្តាលី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៩។
លោក ដេវីដ គ្រីហ្វហ្វីន (David Griffin) តំណាងនៃក្រុមហ៊ុនសិង្ហបុរីឈ្មោះ សាន់ខេបល (Sun Cable) នាថ្ងៃសៅរ៍នេះបានឲ្យដឹងថា គម្រោងសាងសង់សួនផ្ទាំងសូឡាលើផ្ទៃដីទំហំ ១៥,០០០ហិកតាដែលមានតម្លៃ ២០ពាន់លានដុល្លារអូស្រ្តាលី ឬស្មើនឹង ១៣.៨ពាន់លានដុល្លារអាមេរិក នឹងចាប់ផ្តើមផលិតថាមពលអគ្គិសនីឆាប់បំផុតគឺនៅឆ្នាំ២០២៧។
គួរជម្រាបថា ថាមពលបានមកពីសួនផ្ទាំងសូឡាខាងលើ ដែលនឹងលេចរូបរាងឡើងនៅទីក្រុង ធិនណាន់ត៍ គ្រីក (Tennant Creek) នឹងត្រូវនាំចេញទៅកាន់ប្រទេសសិង្ហបុរី តាមរយៈប្រព័ន្ធខ្សែកាបមួយប្រវែង ៣,៨០០គីឡូម៉ែត្រ។ បើតាមក្រុមហ៊ុន Sun Cable ខណៈវានឹងផ្គត់ផ្គង់បរិមាណមួយភាគបី នៃការប្រើប្រាស់ថាមពលអគ្គិសនីនៅសិង្ហបុរី សួនផ្ទាំងសូឡានេះនឹងបង្កើតការងារ ២,៣០០កន្លែងសម្រាប់ប្រជាជនអូស្រ្តាលីផងដែរ៕