Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហ្វីលីពីនទទួលយកសំណើពីភាគីចិន ដែលចង់ចូលរួមស៊ើបអង្កេតករណីលិចទូកនេសាទ និងការទៅចោលអ្នកនេសាទហ្វីលីពីន២២នាក់ (Video inside)

22-06-2019 11:28

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានទទួលយកសំណើពីភាគីចិន ដែលចង់ឲ្យមានការស៊ើបអង្កេតរួមគ្នាមួយ ទៅលើករណីដែលទូកនេសាទចិន បានបោះបង់ចោលជនជាតិហ្វីលីពីន ២២នាក់ បន្ទាប់ពីទូករបស់ពួកគេលិច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៩។

ទោះបីជាយល់ព្រមតាមសំណើរចិនក៏ដោយ ប៉ុន្តែលោក ឌូតឺតេ ក៏មានសំណើផ្ទាល់ខ្លួនមួយទៅចិនវិញផងដែរ នោះគឺការស្នើសុំឲ្យភាគីទីបីចូលរួមនៅក្នុង គណៈកម្មាធិការស៊ើបអង្កេត ដើម្បីឲ្យលទ្ធផលនៃការស៊ើបអង្កេតត្រូវបានទទួលស្គាល់ជារួម និងមានតម្លាភាព។ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនបានបញ្ជាក់ថា យើងកំពុងទាមទាររក យុត្តិធម៌ជូនដល់អ្នកនេសាទយើងទាំង ២២នាក់ ហើយយើងនឹងប្រើប្រាស់គ្រប់វិធានការ តាមផ្លូវច្បាប់ឲ្យដល់ទីបំផុតតែម្តង។

គួរបញ្ជាក់ថា ការលិចទូកនេសាទហ្វីលីពីនខាងលើនេះ បានកើតមានឡើងកាលពីថ្ងៃទី០៩ ខែមិថុនា កន្លងទៅថ្មីៗនេះប៉ុណ្ណោះ ដោយវាបានធ្វើឲ្យលោក ឌូតឺតេ ត្រូវប្រឈមមុខនឹងការរិះគន់ផងដែរ ខណៈលោកមិនទាន់អាចដោះស្រាយការទាមទារ រកយុត្តិធម៌ ឲ្យបានទាន់ពេលវេលា បន្ទាប់ពីមានការចោទប្រកាន់ផ្ទុះឡើងថា ទូកនេសាទចិនគឺជាអ្នកបង្ក ឲ្យទូកនេសាទហ្វីលីពីនលិច ហើយថែមទាំងទៅចោលអ្នកនេសាទហ្វីលីពីនទាំង ២២នាក់ ដោយមិនខ្វល់ថាពួកគេត្រូវស្លាប់ ឬមួយរស់នោះឡើយ។

ជុំវិញការចោទប្រកាន់ខាងលើនេះ ស្ថានទូតចិនប្រចាំទីក្រុងម៉ានីល ក៏បានចេញសេចក្តីប្រកាសផងដែរ ដោយក្នុងនោះភាគីចិនបានពន្យល់ថា តាមពិតទីទូកនេសាទចិនបានព្យាយាម ជួយសង្គ្រោះ កម្មករទូកនេសាទហ្វីលីពីនទាំង ២២នាក់ នោះទៅហើយ ប៉ុន្តែទូកនេសាទចិនត្រូវបង្ខំចិន ចាកចេញពីកន្លែងកើតហេតុវិញ ព្រោះតែការឡោមព័ទ្ធពីទូកនេសាទហ្វីលីពីនផ្សេងៗទៀត ដែលមានចំនួនពី ៧-៨គ្រឿង។ ការស៊ើបអង្កេត ខាងលើនេះ គឺដើម្បីស្វែងយល់ការពិតអំពីអ្វីដែលបានកើតមានឡើង៕