(ប៉េកាំង)៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei នាថ្ងៃសុក្រសប្តាហ៍នេះ បានបញ្ចេញបន្ទីឈីបថ្មីសម្រាប់បំពាក់លើស្មាតហ្វូន និងទូរស័ព្ទស៊េរីថ្មីចុងក្រោយ Nova 5 ដើរដោយប្រព័ន្ធប្រតិបត្តិការ Android 9 Pie ប៉ុន្តែវាអាចនឹងមានលក់តែក្នុងទីផ្សារប្រទេសចិនសិនប៉ុណ្ណោះ។ នេះបើ តាមការដកស្រង់ការផ្សាយចេញពីវែបសាយ Android Authority នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៩។
បន្ថែមពីនេះ Huawei ក៏បានបញ្ចេញស្មាតហ្វូនស៊េរីថ្មីនៃត្រកូល Nova ហៅថា Nova 5 ដែលជា ម៉ូដែលថ្មីបំផុតក្នុងចំណោមប្រភេទស្មាតហ្វូនធុនកណ្តាលរបស់ខ្លួន។ Nova 5 នឹងក្លាយជាស្មាតហ្វូនដំបូងគេរបស់ Huawei ដែលបំពាក់នូវបន្ទះឈីបថ្មី Kirin 810 ដែលផ្អែកលើ ស្តង់ដាបច្ចេកវិទ្យាទំហំ ៧ណាណូម៉ែត្រដំបូងបំផុតលើលោក។ ជាមួយគ្នានេះក្រុមហ៊ុន Huawei បានផ្តល់ជម្រើសមួយផ្សេងទៀតផងដែរគឺ Nova 5 Pro ដែលបំពាក់នូវបន្ទះឈីបលំដាប់ខ្ពស់គឺ Kirin 980 ដែលមានក្នុងស្មាតហ្វូនកំពូលៗរបស់ Huawei ដូចជាស៊េរី P3០ និងស៊េរី Mate 20។
ស៊េរី Nova 5 នេះមានបំពាក់កាមេរ៉ាសរុប ០៤គ្រាប់នៅខាងក្រោម ដោយកាមេរ៉ាធំមានទំហំ ៤៨មេហ្គាភិចសែល ខណៈកាមេរ៉ាសម្រាប់ថតរូបភាពបែបទូលាយទំហំ ១៦មេហ្គាពិចសែល រួមជាមួយកាមេរ៉ា Depth Sensor ២មេហ្គាភិចសែល និងកាមេរ៉ាម៉ាក្រូ (ថតភាគល្អិតជិតៗ) ២មេហ្គាភិចសែល។ រីឯកាមេរ៉ាខាងមុខវិញមានទំហំ ៣២មេហ្គាភិសែលជាមួយកម្រិត f/2.0។ រីឯអេក្រង់មានទំហំ ៦.៣៩អ៊ីញ HD+ OLED និងមានបច្ចេកវិទ្យាស្គែនក្រយៅដៃលើផ្ទៃអាក្រង់ផ្ទាល់។
ស្មាតហ្វូនម៉ូដែលថ្មីនេះ ថែមទាំងមានបំណាក់បច្ចេកវិទ្យាសាកថ្មលឿន ៤០វ៉ាត់ ដែលអាចសាកពីសូន្យដល់ ៥០ភាគរយក្នុងពេលត្រឹម ១៥នាទី និងដល់ ៨៥ភាគរយត្រឹម ៣០នាទី ជាមួយកម្លាំងថ្មទំហំ ៣,៥០០mAh។ ក្រៅពី Nova 5 និង Nova 5 Pro Huawei ក៏បានបង្ហាញខ្លួន Nova 5i ផងដែរ ដែលបំពាក់បន្ទះឈីប Kirin 710 និងកម្លាំងថ្មទំហំ ៤,០០០mAh។ ដោយឡែកយើងក៏អាចធ្វើការបន្ថែមម៉េម៉ូរីផងដែរជាប្រភេទ Nano Memory ដែលផលិតដោយ Huawei ផ្ទាល់រហូតដល់ទៅ 256GB។
នៅក្នុងប្រទេសចិន Nova 5 Pro មានតម្លៃប្រហែល ៤៣៦ដុល្លារ សម្រាប់ម៉ូដែល 8GB/128GB និង៤៩៤ដុល្លារសម្រាប់ម៉ូដែល 8 GB/256GB។ Nova 5 ធម្មតាវិញដែលមានតែម៉ូដែល 8GB/128GB មានតម្លៃខ្ទង់ ៤០៧ដុល្លារ។ ចុងក្រោយ Nova 5i មានតម្លៃ ២៩១ដុល្លារសម្រាប់ម៉ូដែល 6BG/128GB និង ៣២០ដុល្លារសម្រាប់ម៉ូដែល 8GB/128GB។
គួរបញ្ជាក់ថា ការបង្ហាញខ្លួនបន្ទះឈីបថ្មីនេះធ្វើឡើង ស្របពេលដែលក្រុមហ៊ុន Huawei បានឲ្យដឹងថា ការលក់ស្មាតហ្វូនរបស់ខ្លួនបានឈានដល់លើសពី ១០០លានគ្រឿង កាលពីចុងខែឧសភាកន្លងទៅនេះ ដែលវាមានរយៈពេលមួយខែលឿនជាង ការសម្រេចគោលដៅ ដូចគ្នានេះកាលពីឆ្នាំ២០១៨។ បន្ទះឈីបស្មាតហ្វូនថ្មី ដែលរចនាឡើងជាមួយស្តង់ដាបច្ចេកវិទ្យាទំហំ «៧ណាណូម៉ែត្រ» សម្រាប់ បំពាក់លើស្មាតហ្វូនស៊េរីទំនើបៗនោះ បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍មួយ ដែលរៀបចំឡើងក្នុងទីក្រុង វូហាន (Wuhan) នៃខេត្ត ហ៊ូបៃ (Hubei) របស់ប្រទេសចិន។
គួរជម្រាបថា បើតាមក្រុមហ៊ុនស្រាវជ្រាវផ្នែកទីផ្សារ Counterpoint ក្រុមហ៊ុន Huawei បាននាំមុខក្រុមហ៊ុន Apple របស់អាមេរិក ក្លាយជាប្រេនស្មានហ្វូនធំជាងគេទីពីរលើលោក គឺក្រោមក្រុមហ៊ុនកូរ៉េ Samsung តែមួយប៉ុណ្ណោះ បើគិតអំពីចំណែកក្នុងទីផ្សារស្មាតហ្វូនសកល ក្នុងត្រីមាសដំបូងនៃឆ្នាំ២០១៩នេះ។ តាមពិតទៅ Huawei មានបំណងឈានឡើងលេខ ១ នៅអំឡុងត្រីមាសទី ៣ នៃឆ្នាំ២០១៩ នេះតែម្តង ប៉ុន្តែក្រុមហ៊ុនចិននេះទទួលស្គាល់ថា ទណ្ឌកម្មពីអាមេរិកបានធ្វើឲ្យផែនការនេះ មិនអាចនឹងសម្រេចបានឡើយ៕