(តេហេរ៉ង់)៖ ឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិនៃប្រទេសអ៊ីរ៉ង់នាថ្ងៃសុក្រ បានចេញមុខបដិសេធថា អ៊ីរ៉ង់មិនបានទទួលសាររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថាបានផ្ញើមកតាមប្រទេសអូម៉ង់ឡើយ។ នេះបើតាមសេចក្តីរាយការណ៍របស់ស្ថានីយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៩។
ដោយយោងតាមប្រភពខាងលើ អ្នកនាំពាក្យរបស់ឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ លោក Keivan Khosravi បាននិយាយថា សហរដ្ឋអាមេរិកមិនបានផ្ញើសារលិខិតណាមួយមកកាន់អ៊ីរ៉ង់ តាមរយៈអូម៉ង់ឡើយ ពោលគឺរឿងនេះមិនមែនជាការពិតទេ។ ក្នុងថ្ងៃដដែលនេះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានលោកខាងលិច ដោយអះអាងថា ពួកគេទទួលបានប្រភពព័ត៌មានពីក្រុមមន្រ្តីអ៊ីរ៉ង់ បានរាយការណ៍ថា ទីក្រុងតេហេរ៉ង់បានទទួលសារមួយពី លោក ត្រាំ ដែលរួមមានការព្រមានវាយប្រហារលើអ៊ីរ៉ង់ រួមជាមួយចេតនាចង់ចរចាគ្នា។
សារខាងលើត្រូវសារព័ត៌មានទាំងនោះអះអាងថា ត្រូវបានប្រគល់មកឲ្យអ៊ីរ៉ង់តាមរយៈអូម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ស្របពេលដែលលោក ដូណាល់ ត្រាំ បានអនុញ្ញាតឲ្យបើកការវាយប្រហារលើអ៊ីរ៉ង់ ដើម្បីឆ្លើយតបនឹងការបាញ់ទម្លាក់យន្តហោះដ្រូនរបស់អាមេរិក ប៉ុន្តែ១០នាទីមុនបញ្ជានេះត្រូវអនុវត្តន៍ លោកប្រធានាធិបតីអាមេរិកក៏បានដកការបង្គាប់ចេញវិញ៕