(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃសុក្រនេះ បានចេញមុខទទួលស្គាល់ថា លោកពិតជាបានបង្គាប់ ឲ្យមានការវាយប្រហារយោធាលើទីតាំង០៣កន្លែង នៅក្នុងទឹកដីប្រទេសអ៊ីរ៉ង់ប្រាកដមែន ប៉ុន្តែលោកបានដកបញ្ជានេះវិញ ក្រោយ ដឹងថាមនុស្ស១៥០នាក់នឹងបាត់បង់ជីវិត ដោយសារប្រតិបត្តិការនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩។
បើតាមការបង្ហោះសារនៅលើបណ្តាញសង្គម Twitter របស់លោក ត្រាំ អ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះដ្រូនរបស់អាមេរិក ដែល កំពុងហោះហើរលើដែនអាកាសអន្តរជាតិ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា អាមេរិកតាមពិត បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីសងសឹកទៅវិញកាលពីយប់ថ្ងៃព្រហស្បតិ៍ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) តាមរយៈ ការគ្រោងវាយប្រហារលើទីតាំងចំនួន០៣ ក្នុងទឹកដីប្រទេសអ៊ីរ៉ង់។
លោក ត្រាំ បានបន្តថា នៅពេលលោកសួរទៅមេទ័ពអាមេរិកថា តើមនុស្សប៉ុន្មាននាក់នឹងត្រូវបាត់បង់ជីវិត មានការឆ្លើយតបមក វិញថាគឺ១៥០នាក់។ ក្រោយមកត្រឹមតែ១០នាទីប៉ុណ្ណោះ មុនបញ្ជាវាយប្រហារលើប្រទេសអ៊ីរ៉ង់ នឹងត្រូវអនុវត្តន៍ លោក ត្រាំ ក៏បាន សម្រេចដកបញ្ជានេះចេញវិញ ដោយលោកបញ្ជាក់ថាលោកមិនប្រញាប់នោះឡើយ។
គួរជម្រាបថា ទំនាក់ទំនងដែលមានភាពតានតឹងខ្លាំងស្រាប់រវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានធ្លាក់ដល់កម្រិតគ្រោះថ្នាក់ខ្លាំងថែមទៀត កាលពីថ្ងៃព្រហស្បតិ៍នេះ នៅពេលយោធាអ៊ីរ៉ង់បានអះអាងថា ខ្លួនបានបាញ់ទម្លាក់ យន្តហោះដ្រូនស៊ើបការណ៍មួយគ្រឿងរបស់អាមេរិក ដែលរំលោភចូលដែនអាកាសអ៊ីរ៉ង់។
ទាក់ទងនឹងករណីនេះ យោធានៃប្រទេសទាំងពីរ បានអះអាងយកត្រូវរៀងខ្លួនអំពីទីតាំងពិតប្រាកដ ដែលយន្តហោះដ្រូននោះត្រូវបានបាញ់ទម្លាក់ ដោយភាគីតាំងពីរសុទ្ធតែបានបញ្ចេញរូបភាពផែនទីនៃផ្លូវហោះហើរបស់វា។ ក្នុងនោះ ផែនទីរបស់អ៊ីរ៉ង់អះអាងថា យន្តហោះដ្រូនអាមេរិក បានហោះរំលោភចូលដែនអាកាសនៃខេត្តភាគខាងត្បូងរបស់ខ្លួន ខណៈផែនទីអាមេរិកបង្ហាញថា វាស្ថិតនៅលើដែនអាកាសអន្តរជាតិឯណោះទេ លើចក្រសមុទ្រ Hormuz៕