(ឌូបៃ)៖ មន្ត្រីអ៊ីរ៉ង់ជាច្រើននាក់នៅថ្ងៃសុក្រនេះបានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ទទួលបានសារមួយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តាមរយៈប្រទេសអូម៉ង់ កាលពីយប់ថ្ងៃព្រហស្បត៍ ដោយព្រមានថាការវាយប្រហារលើអ៊ីរ៉ង់នឹងត្រូវធ្វើឡើង ជាការសងសឹកទៅ ការបាញ់ទម្លាក់យន្ដហោះដ្រូនអាមេរិក។ ប៉ុន្តែក្នុងសារ នេះក៏មានបង្កប់អត្ថន័យចង់ចរចាផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអ៊ីរ៉ង់ម្នាក់បានប្រាប់ Reuters យ៉ាងដូច្នេះថា «នៅក្នុង សាររបស់គាត់ (លោក ត្រាំ) បាននិយាយថា ការវាយប្រហារលើអ៊ីរ៉ង់នឹងត្រូវធ្វើឡើង... តែទន្ទឹមគ្នា លោកក៏បានបញ្ជាក់ដែរថា លោកប្រឆាំងនឹងរាល់សង្រ្គាមជាមួយអ៊ីរ៉ង់ ហើយចង់ចរចាជាមួយ តេហេរ៉ង់លើគ្រប់បញ្ហាទាំងអស់»។ មន្ត្រីរូបនេះបន្ថែមទៀតថា លោក ត្រាំ បានផ្ដល់រយៈដ៏ខ្លី មួយឱ្យអ៊ីរ៉ង់ផ្ដល់ចម្លើយតបទៅវិញ ប៉ុន្តែរឿងឆ្លើយតប ឬមិនឆ្លើយគឺអាស្រ័យទៅលើមេដឹកនាំកំពូល លោក អាយ៉ាតូលឡាហ៍ អាលី ខាមេនៃ (Ayatollah Ali Khamenei)។ យ៉ាងណាក៏ដោយ ខាងទីក្រុងវ៉ាស៊ីនតោន មិនទាន់មានប្រតិកម្មនឹងព័ត៌មាននេះឡើយ។
គួរបញ្ជាក់ថា ការលើកឡើងរបស់មន្ត្រីអ៊ីរ៉ង់ខាងលើ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពី កាសែតអាមេរិក New York Times បានរាយការណ៍ថា លោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យបើកការវាយប្រហារតាមផ្លូវអាកាសលើអ៊ីរ៉ង់ ខណៈយោធាអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ាក៏បាន ត្រៀមលក្ខណៈបាញ់មីស៊ីលសំដៅទៅរកប្រព័ន្ធរ៉ាដា និងប្រព័ន្ធមីស៊ីលរបស់អ៊ីរ៉ង់ដែរ។ ប៉ុន្តែនៅនាទីចុងក្រោយ លោក ត្រាំ បែរជាលុបចោលបញ្ជានេះទៅវិញដោយមិនដឹងមូលហេតុ៕