(ប៉ារីស)៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បាននិយាយថា លោកនឹងបោះឆ្នោតគាំទ្រឱ្យអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែឡា មឺគែល កាន់តំណែងជាប្រធានគណៈកម្មការអឺរ៉ុប បើសិនជាលោកស្រីឈរឈ្មោះប្រកួតប្រជែង យកតំណែងកំពូលនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបក្នុងទីក្រុងព្រុចសែល នៅថ្ងៃសុក្រនេះ លោក ម៉ាក្រុង ក៏បានអះអាងដែរថា លោកស្រី មឺគែល មានលក្ខណៈសម្បត្តិគ្រប់ គ្រាន់ដើម្បីកាន់តំណែងជាប្រធានគណៈកម្មាការអឺរ៉ុបជំនួសលោក ហ្សង់ ក្លូដ ចាំងឃើ (Jean-Claude Juncker)។ អធិការបតី មឺគែល ក៏ធ្លាប់បានប្រកាសដែរថា លោកស្រីនឹងលាលែងពីតំណែងរបស់ខ្លួន នៅពេលអាណត្តិជិតបញ្ចប់នៅឆ្នាំ២០២១។
ប៉ុន្តែការលើកឡើងបែបនេះរបស់លោក ម៉ាក្រុង បានកើតមានឡើងក្រោយបារាំង និងអាល្លឺម៉ង់បង្ហាញការខ្វែងគំនិតគ្នា លើបេក្ខភាពប្រធានគណៈកម្មាការអឺរ៉ុប ដោយទីក្រុងប៊ែរឡាំងគាំទ្រលោក មែនហ្វ្រេដ វែប៊ឺ (Manfred Weber) កាន់តំណែងកំពូលនេះ តែទីក្រុងប៉ារីសបានចេញមុខបដិសេធ។
គួរបញ្ជាក់ថា មេដឹកនាំសហភាពអឺរ៉ុបនៅថ្ងៃសុក្រនេះ បានបរាជ័យក្នុងការស្វែងរកឯកភាពមួយ ក្នុងការជ្រើសរើសមុខតំណែងកំពូល ក្នុងនោះរួមទាំងមានតំណែងប្រធានគណៈកម្មាការអឺរ៉ុប ថ្មីផងដែរ។ ពួកគេនឹងត្រូវជួបគ្នាជាថ្មីនៅថ្ងៃទី៣០ ខែមិថុនា ហើយត្រវតែធ្វើការសម្រេចចិត្តមួយ ឱ្យបានមុនកិច្ចប្រជុំពេញអង្គលើកទី១នៃសភាអឺរ៉ុបនៅថ្ងៃទី០២ ខែកក្កដា៕