(ម៉ូស្គូ)៖ រុស្ស៊ីនៅថ្ងៃសុក្រនេះបានចោទប្រកាន់សហរដ្ឋអាមេរិកត្រង់ៗថា កំពុងមានចេតនាដុតបញ្ឆេះកំហឹងរបស់អ៊ីរ៉ង់ និងរុញច្រានឱ្យស្ថានភាពតានតឹងបច្ចុប្បន្ន នៅក្នុងតំបន់មជ្ឈិមបូព៌ាផ្ទុះទៅជាសង្រ្គាមមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩។

ស្ថិតនៅក្នុងសន្និសីទមួយ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) ក៏បានអំពាវនាវផងដែរឱ្យសហរដ្ឋអាមេរិក ពិរចាណាឱ្យបានដិតដល់ ចំពោះផលវិបាកនៃសង្រ្គាមជាមួយទីក្រុងតេហេរ៉ង់។ ប៉ុន្តែព្រមពេលជាមួយលោក Ryabkov បានអះអាងថា សេក្ដីរាយការណ៍របស់កាសែត New York Times ពិតជាបានបង្ហាញយ៉ាងច្បាស់អំពីស្ថានភាពបច្ចុប្បន្ន ដែលកំពុងស្ថិតនៅក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់បំផុត។

គួរបញ្ជាក់ថា បើតាមកាសែតអាមេរិក New York Times លោក ដូណាល់ ត្រាំ កាលពីយប់ ថ្ងៃព្រហស្បតិ៍បានបញ្ជាឱ្យកងទ័ពអាមេរិក បើកការវាយប្រហារតាមផ្លូវអាកាសទៅលើអ៊ីរ៉ង់ ប៉ុន្តែ លោកស្រាប់តែលុបចោលនេះវិញភ្លាមៗ ដោយមិនដឹងថាមានមូលហេតុអ្វីឡើយ ខណៈឥរិយាបថរបស់លោក ត្រាំ បែបនេះត្រូវបានអ្នកតាមដានមើលឃើញថា លោកចង់បន្ធូរបន្ថយភាពតានតឹងបន្តិច អំពីលទ្ធភាពដែលប្រទេសទាំងពីរ អាចឈានទៅបំផ្ទុះសង្គ្រាម ដែលនឹងជារឿងគ្រោះថ្នាក់ធំបំផុតមួយសម្រាប់តំបន់មជ្ឈិបូព៌ា និងស្ថិរភាពសកលលោក៕