(ប៉េកាំង)៖ ក្រុមហ៊ុន Apple បានចាប់ផ្តើមប្រមូលកុំព្យូទ័រ MacBook Pro ប្រភេទទំហំអេក្រង់ ១៥អ៊ីញជាស៊េរីចេញកាលពីប៉ុន្មានឆ្នាំមុន ដែលលក់នៅក្នុងទីផ្សារប្រទេសចិនយកចូលមកវិញ ដោយសារតែបញ្ហាថ្មឡើងកម្តៅខ្លាំង ដែលអាចបណ្តាលឲ្យផ្ទុះឆេះបាន។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរត្រួតពិនិត្យទីផ្សារផលិតផលរបស់ប្រទេសចិន ហៅកាត់ SAMR ដោយគិតចាប់ពីថ្ងៃទី២០ ខែមិថុនានេះតទៅ សាខាលក់ឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន Apple ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានប្រកាសទទួលយកចូលទៅវិញនូវម៉ូដែល MacBook Pro Retina មួយចំនួន ដែលត្រូវបានផលិតឡើងកាលពីពាក់កណ្តាលឆ្នាំ២០១៥។
គួរជម្រាបថា បើតាមក្រុមហ៊ុន Apple ការសម្រេចចិត្តខាងលើធ្វើឡើង បន្ទាប់ពីបញ្ហាថ្មឡើងកម្តៅចំនួន ០៦ករណី ត្រូវបានគេរាយការណ៍ឲ្យដឹង ហើយវាអាចបង្កហានិភ័យនៃការផ្ទុះឆាបឆេះបាន ខណៈក្រុមហ៊ុនបានអំពាវនាវឲ្យអតិថិជនទាំងអស់ ឈប់ប្រើប្រាស់ម៉ូដែល Laptop ខាងលើ ទាំងឡាយណាដែលមានបញ្ហាថ្មជាមួយការសន្យាថា ក្រុមហ៊ុននឹងផ្លាស់ប្តូរថ្មជូនថ្មីដោយឥតគិតថ្លៃ៕