(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបើកភ្លើងខៀវឱ្យកងទ័ពអាមេរិក បើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងអ៊ីរ៉ង់ កាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីយន្ដហោះដ្រូនអាមេរិកមួយគ្រឿងត្រូវបានបាញ់ទម្លាក់ ប៉ុន្តែមិនដឹងជាហេតុអ្វី ភ្លាមៗបន្ទាប់ពីនោះលោកបែរជាលុបចោលបញ្ជានេះទៅវិញ។ នេះបើតាមការចេញផ្សាយដោយ New York Times នៅរសៀលថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩។
កាសែត New York Times ផ្អែកលើប្រភពដែលខ្លួនទទួលបាន ពីក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះបានបញ្ជាក់ទៀតថា យន្ដហោះ និងនាវាចម្បាំងអាមេរិកឈរនៅក្នុងតំបន់ មជ្ឈិមបូព៌ាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបាញ់មីស៊ីលសំដៅទៅរកអ៊ីរ៉ង់ ពោលគឺរង់ចាំតែបញ្ជាមកដល់តែប៉ុណ្ណោះ។ ប៉ុន្តែបទបញ្ជាវាយប្រហារលើអ៊ីរ៉ង់ ស្រាប់តែត្រូវបានលុបចោលទៅវិញភ្លាមៗ ខណៈក្រុមមន្ត្រីសន្តិសុខជាតិជាន់ខ្ពស់របស់លោក ត្រាំ និងថ្នាក់ដឹកនាំសភាអាមេរិកជាច្រើននាក់ ត្រូវបានគេរាយការណ៍បានតឹងសសៃកដាក់គ្នាយ៉ាងខ្លាំង នៅក្នុងការជជែកដេញដោលមួយពាក់ព័ន្ធនឹងបញ្ហានេះ។
បើតាមការបញ្ជាក់បន្ថែមពី New York Times បទបញ្ជាវាយប្រហាររបស់លោក ត្រាំ គឺមានគោលដៅ លើប្រព័ន្ធរ៉ាដា និងប្រព័ន្ធមីស៊ីលរបស់អ៊ីរ៉ង់ ហើយដំបូងឡើយប្រតិបត្តិការយោធានេះត្រូវបាន គេគ្រោងថានឹងត្រូវធ្វើឡើងឱ្យបានមុនថ្ងៃរះនៅថ្ងៃសុក្រនេះ (ម៉ោងនៅអាមេរិក)។ តែយ៉ាងណាក៏ដោយគេទាន់មិនដឹងនៅឡើយថា តើបទបញ្ជាវាយប្រហារលើអ៊ីរ៉ង់ នៅតែមាននៅលើតុរបស់លោក ដូណាល់ ត្រាំ ឬក៏យ៉ាងណានោះឡើយ។
គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ភ្លាមៗបន្ទាប់ពីការបាញ់ទម្លាក់ដ្រូនអាមេរិកតម្លៃជាង ២០០លានដុល្លារ លោក ដូណាល់ ត្រាំ បានអះអាងថា «អ៊ីរ៉ង់បានប្រព្រឹត្តកំហុសធ្ងន់ណាស់លើការបាញ់ដ្រូន... តែខ្ញុំគិតថា អ៊ីរ៉ង់គ្មានការប៉ុនប៉ងធ្វើបែបនេះឡើយ»។ ចំពោះសម្តីរបស់លោក ត្រាំ បែបនេះ ត្រូវបានអ្នកតាមដានមើលឃើញថា លោកចង់បន្ធូរបន្ថយភាពតានតឹងបន្តិច អំពីលទ្ធភាពដែលប្រទេសទាំងពីរអាចឈានទៅបំផ្ទុះសង្គ្រាម ដែលជារឿងគ្រោះថ្នាក់ធំបំផុតមួយសម្រាប់តំបន់មជ្ឈិបូព៌ា និងស្ថិរភាពសកលលោក៕