(ព្យុងយ៉ាង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នាថ្ងៃសុក្រនេះ បានធ្វើដំណើរចាកចេញពីទីក្រុងព្យុងយ៉ាងហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃនៅកូរ៉េខាងជើង ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក គីម ជុងអ៊ុន និងពលរដ្ឋកូរ៉េខាងជើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩។
ទីក្រុងព្យុងយ៉ាងបានរៀបចំការទទួលស្វាគមន៍យ៉ាងអធិកអធម ដើម្បីត្រៀមទទួលលោក ស៊ី ជិនពីង ដែលបានធ្វើដំណើរទៅដល់អាកាសយានដ្ឋានទីក្រុងព្យុងយ៉ាង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ប្រការនេះបានធ្វើឲ្យលោក ស៊ី ក្លាយជាប្រធានាធិបតីចិនដំបូងគេ ដែលបានទៅដល់ទឹកដីកូរ៉េខាងជើង ដោយគិតក្នុងអំឡុងពេល ១៤ឆ្នាំមកនេះ ដោយវាក៏ជាអំឡុងពេលដែលទីក្រុងព្យុងយ៉ាង បានធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងចម្ងាយឆ្ងាយជាច្រើនលើកផងដែរ។
ខណៈលោក គីម ជុងអ៊ុន ធ្លាប់បានធ្វើដំណើរទៅដល់ប្រទេសចិនសរុបចំនួន០៤លើក ដើម្បីជួបលោក ស៊ី ជិនពីង ទីបំផុតលោក ស៊ី ក៏បានមកបំពេញទស្សនកិច្ចតបវិញ។ ដំណើរទស្សនកិច្ចចំពេលនេះ ត្រូវក្រុមអ្នកវិភាគភាគច្រើនមើលឃើញថា អាចជាសញ្ញាមួយដែលលោក ស៊ី ចង់បង្ហាញឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឃើញពីឥទ្ធិពលដែលរូបលោកមានជាមួយ លោក គីម នៅមុនកិច្ចប្រជុំកំពូល G20 នៅជប៉ុន ជាទីដែលមេដឹកនាំទាំងពីរនឹងត្រូវជួបមុខគ្នា។
គួរជម្រាបថា បច្ចុប្បន្នសហរដ្ឋអាមេរិក និងចិនកំពុងតែស្ថិតក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយគ្នា ហើយជំនួបនៅ G20 ត្រូវគេរំពឹងថា នឹងផ្តោតជាចម្បងលើបញ្ហានេះ។ រីឯអាមេរិក និងកូរ៉េខាងជើងវិញ គឺកំពុងជាប់គាំងក្នុងកិច្ចចរចាស្តីពីបញ្ហាអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ចាប់តាំងតែពីកិច្ចប្រជុំកំពូលលើកទីពីររវាងលោក ត្រាំ និងលោក គីម នៅទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីខែកុម្ភៈឆ្នាំនេះ បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់។
ដោយឡែកចំពោះគំរោងការជួយសង្គ្រោះកូរ៉េខាងជើងវិញ អ្នកតាមនានាបានមើលឃើញថា ប្រទេសចិនហាក់ចង់ជួយឲ្យកូរ៉េខាងជើង រួចផុតពីការលំបាកលំបិនដូចបច្ចុប្បន្ននេះខ្លាំងណាស់ តាមរយៈគំរោងបង្កើនការវិនិយោគ នៅក្នុងប្រទេសសម្ព័ន្ធមិត្តខ្លួនមួយនេះ ប៉ុន្តែផែនការអ្វីក៏ដោយ គឺត្រូវតែពិនិត្យមើលឲ្យបានច្បាស់លាស់ជាមុន ដើម្បីកុំឲ្យបំពានទៅនឹងទណ្ឌកម្មរបស់អន្តរជាតិ ដែលបានដាក់លើកូរ៉េខាងជើងកន្លងមកនេះ៕