(តេហេរ៉ង់)៖ អ៊ីរ៉ង់នៅថ្ងៃសុក្រនេះបានអះអាងថា «ខ្លួនមានភស្ដុតាងមិនអាចប្រកែក» ដែលបញ្ជាក់ថា យន្ដហោះដ្រូនស៊ើបការណ៍អាមេរិកមួយគ្រឿង ដែលត្រូវបានបាញ់ទម្លាក់នៅក្នុងសប្ដាហ៍នេះ ពិតជាបានរំលោភចូលដែនអាកាសអ៊ីរ៉ង់យ៉ាងប្រាកដមែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩។

ក្រសួងការបរទេសអ៊ីរ៉ង់បានធ្វើការកត់សម្គាល់ដូចខាងលើ នៅក្នុងសេចក្ដីថ្លែងការណ៍មួយបន្ទាប់ពី អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក អាប់បាស់ អារ៉ាកជី (Abbas Araghchi) ប្រាប់អគ្គរដ្ឋទូតស្វីសលោក ម៉ាគូស ឡេតណឺ (Markus Leitner) ថា បំណែកយន្ដហោះដ្រូនអាមេរិកត្រូវបានអាជ្ញាធរអ៊ីរ៉ង់ ស្រង់ចេញពីដែនទឹករបស់អ៊ីរ៉ង់។ លោក Abbas បន្ថែមទៀតថា បំណែកទាំងនេះគឺជាភស្ដុតាបញ្ជាក់យ៉ាងច្បាស់ថា យន្តហោះដ្រូនស៊ើបការណ៍សម្ងាត់របស់អាមេរិក ពិតជាបានហោះរំលោភចូលដែនអាកាសអ៊ីរ៉ង់។

គួរបញ្ជាក់ថា ទីបញ្ជាការកណ្ដាលយោធាអាមេរិក (CENTCOM) បានទទួលស្គាល់ហើយថា អ៊ីរ៉ង់ពិតជាបានបាញ់ទម្លាក់យន្ដហោះដ្រូនប្រភេទ RQ-4A ប៉ុន្តែស្ថិតនៅលើដែនអាកាសអន្តរជាតិ នៃច្រកសមុទ្រហ័រមូស (Hormuz) កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ភ្លាមៗនោះអ៊ីរ៉ង់ក៏បានអះអាងតបវិញផងដែរថា យន្ដហោះដ្រូនស៊ើបការណ៍សម្ងាត់នេះ ត្រូវបានបាញ់ទម្លាក់នៅពេលវាហោះរំលោភ​ចូលដែនអាកាសរបស់ខ្លួន នៅក្នុងខេត្តហ័រម៉ូសហ្គាន់ (Hormozgan)៕