(តៃប៉ិ)៖ ប្រធានថ្មីនៃក្រុមហ៊ុនតៃវ៉ាន់ Foxconn ដែលជាអ្នកផ្គត់ផ្គង់ឲ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple បានឲ្យដឹងថា ក្រុមហ៊ុនពុំមានគម្រោងបង្កើនសង្វាក់ផលិតកម្ម នៅខាងក្រៅប្រទេសចិនឡើយនាខណៈនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩។
លោក លុយ យ៉ាងវ៉េយ (Liu Young-Way) ដែលត្រូវបានជ្រើសរើសជាប្រធានថ្មីរបស់ Foxconn ក្រោយស្ថាបនិកក្រុមតៃវ៉ាន់នេះ គឺលោក ធែរី ហ្គូវ (Terry Gou) បានសម្រេចចិត្តដកខ្លួនចេញពីតំណែងនេះ ដើម្បីត្រៀមឈរឈ្មោះជាប្រធានាធិបតីតៃវ៉ាន់បានបញ្ជាក់ថា លោកមិនបានទទួលសំណើពីក្រុមហ៊ុនជាអតិថិជនរបស់ Foxconn ស្នើឲ្យក្រុមហ៊ុនលោកផ្ទេរការផលិតចេញពីប្រទេសចិន ឲ្យកាន់តែច្រើននោះឡើយ។
គួរជម្រាបថា ថ្មីៗនេះក្រុមហ៊ុន Foxconn ដែលមានទីស្នាក់ការកណ្តាលនៅកោះតៃវ៉ាន់ ក៏បានចេញមុខច្រានចោលព័ត៌មានដែលថា ខ្លួននឹងចាកចេញពីប្រទេសចិនផងដែរ។ ក្រុមហ៊ុន Foxconn មានរោងចក្រច្រើនជាងគេនៅលើទឹកដីចិន បើធៀបនៅតាមប្រទេសដទៃទៀត ហើយរោងចក្រធំបំផុតរបស់ Foxconn ក៏ស្ថិតនៅក្នុងប្រទេសចិនដែរ៕