(រ៉ូម៉ានី)៖ ក្រុមរថក្រោះអាមេរិកបានធ្វើឲ្យផ្ទៃដីដាំដំណាំមួយចំនួនរងការខូចខាត ក្រោយបានបរកាត់តំបន់កសិកម្មមួយកន្លែង នៅភាគអាគ្នេយ៍ប្រទេសរ៉ូម៉ានីកំឡុងការធ្វើសមយុទ្ធ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩។
បើតាមក្រសួងការពារជាតិរ៉ូមានី ហេតុការណ៍ខាងលើបានកើតឡើង គឺដោយសារតែកងរថក្រោះអាមេរិក បានច្រឡំធ្វើដំណើរឆ្លងកាត់តំបន់នោះ ព្រោះតែបញ្ហាអាកាសធាតុមើលផ្លូវពុំច្បាស់ កំឡុងការធ្វើសមយុទ្ធយោធាអន្តរជាតិ សាប៊ែរ ហ្គាដៀន (Saber Guardian 2019)។ ជាមួយគ្នានេះ គណៈកម្មការចម្រុះមួយត្រូវបានបង្កើតឡើង ដើម្បីវាយតម្លៃលើទំហំខូចខាត ហើយផ្តល់សំណងដល់ប្រជាជនក្នុងតំបន់។
គួរជម្រាបថា កងទ័ពសរុបជិត ៨,០០០នាក់មកពី ០៦ប្រទេសរួមមានអាល់បានី បូស្នី ប៊ុលហ្គារី រ៉ូម៉ានី ហុងគ្រី និងសហរដ្ឋអាមេរិក កំពុងបន្តចូលរួមក្នុងសមយុទ្ធខាងលើ ដែលបានប្រព្រឹត្តទៅចាប់តាំងពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី ២៤ ខែមិថុនានេះ នៅលើទឹកដីប្រទេសប៊ុលហ្គារី ហុងគ្រី និងរ៉ូម៉ានី៕