(តែលអាវីវ)៖ អ៊ីស្រាអែលនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទើបតែបានបិទបញ្ចប់ការធ្វើសមយុទ្ធយោធាធំបំផុត ដែលមានគោលដៅ ត្រៀមសម្រាប់ការប្រយុទ្ធគ្នានៅតំបន់ ហ្គាហ្សាស្ទ្រីព (Gaza Strip) នៅប្រទេសលីបង់ និងនៅស៊ីរី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩។

បើតាមអ្នកនាំពាក្យយោធាអ៊ីស្រាអែល សមយុទ្ធខាងលើមានការចូលរួមពីសំណាក់ ពលទាហានរាប់ពាន់នាក់ ដែលមកពីកងទ័ពជើងគោក ជើងទឹក និងជើងអាកាសរបស់អ៊ីស្រាអែល រួមជាមួយយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ យន្តហោះដឹកជញ្ជូន ដ្រូន និង ប្រព័ន្ធការពារដែនអាកាសជាច្រើនគ្រឿងទៀត។ ប្រការនេះបានធ្វើឲ្យវាក្លាយជាសមយុទ្ធមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ដែល អ៊ីស្រាអែលធ្លាប់បានរៀបចំឡើង គិតចាប់តាំងពីឆ្នាំ២០១៧។

គួរជម្រាបថា សមយុទ្ធយោធានោះ ដែលបានចាប់ផ្តើមប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ បានផ្តោតសំខាន់ជាចម្បងនៅតំបន់ភាគខាង ជើងប្រទេសអ៊ីស្រាអែល ក្បែរព្រំដែនជាមួយលីបង់ និងស៊ីរី៕