(ព្យុងយ៉ាង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានធ្វើដំណើរទៅដល់កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍ នេះក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោក គីម ជុងអ៊ុន និងភរិយា រួមទាំងប្រជាជនកូរ៉េខាងជើងជិតមួយម៉ឺននាក់ ដែលមើលទៅពិតជាអធិកអធមខ្លាំងណាស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩។
ប្រជាជនកូរ៉េខាងជើងបានឈរតម្រង់ជួររង់ចាំ នៅឯអាកាសដ្ឋានអន្តរជាតិ ស៊ូណាន (Sunan) ក្នុងទីក្រុងព្យុងយ៉ាងនៅរសៀលថ្ងៃព្រហស្បតិ៍ ជាមួយការគ្រវីទង់ជាតិចិន និងកូរ៉េខាងជើង ជាកិច្ចទទួលស្វាគមន៍អាធិកអធមដល់លោក ស៊ី ជិនពីង ដែលក្លាយជាប្រធានាធិបតីចិនដំបូង បំពេញទស្សនកិច្ចមកកាន់កូរ៉េខាងជើង គិតចាប់តាំងពីឆ្នាំ២០០៥។ រីឯលោក គីម ជុងអ៊ុន និងភរិយាគឺលោកស្រី រី សូលជូ (Ri Sol Ju) ក៏បានមកទទួលលោក ស៊ី និងលោកស្រី ផេង លីយ័ន (Peng Liyuan) ជាភរិយាផងដែរ មុននឹងក្បួនម៉ូតូជូនដំណើរប្រមុខរដ្ឋចិន ចេញពីព្រលានយន្ដហោះ។
គួរបញ្ជាក់ថា លោក ស៊ី ជិនពីង កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសកូរ៉េខាងជើង ដោយមានរយៈពេលសរុប ០២ថ្ងៃ ដោយចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍នេះ ហើយលោកត្រូវបានគេរំពឹងថា នឹងពិភាក្សាពីទំនាក់ទំនង ទ្វេភាគី និងស្ថានភាពបច្ចុប្បន្ននៅលើឧបទ្វីបកូរ៉េជាមួយលោក គីម ជុងអ៊ុន៕