(វ៉ាស៊ីនតោន)៖ យោធាអ៊ីរ៉ង់នៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថា ខ្លួនបានបាញ់ទម្លាក់យន្ដហោះដ្រូន ស៊ើបការណ៍ RQ-4 មួយគ្រឿងរបស់សហរដ្ឋអាមេរិក ដែលបានរំលោភចូលដែនអាកាសអ៊ីរ៉ង់ ក្នុងខេត្ត ហ័រមូសហ្គាន់ (Hormuzgan)។ ចំណែកឯយោធាអាមេរិកក៏បានទទួលស្គាល់ដែរថា អ៊ីរ៉ង់ពិតជាបានបាញ់ទម្លាក់ យន្ដហោះដ្រូនយោធាអាមេរិកមួយគ្រឿងប្រាកដមែន នៅក្នុងដែនអាកាសអន្តរជាតិពីលើតំបន់ច្រកសមុទ្រ ហ័រមូស (Hormuz) តែជាយន្ដហោះប្រភេទ MQ-4C Triton ទៅវិញទេ។
ប៉ុន្តែមិនថាជាយន្ដហោះដ្រូនប្រភេទណានោះទេ ឱ្យតែការបាញ់ធ្លាក់វាជាការពិតនោះ ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់នឹងផ្ទុះឡើងកាន់តែខ្លាំងស្របពេលទីក្រុងវ៉ាស៊ីនតោន កំពុងត្រៀមបញ្ជូនសព្វាវុធ និងកងទ័ព ១,០០០បន្ថែម ទៅកាន់តំបន់មជ្ឈិមបូព៌ា។ មជ្ឈមដ្ឋានខ្លះព្រួយបារម្ភខ្លាចក្រែងប្រទេសទាំងពីរ ផ្ទុះជម្លោះប្រដាប់អាវុធជាមួយគ្នា។
តើសង្រ្គាមរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់អាចនឹងផ្ទុះឡើងដែរ ឬទេ?
ចម្លើយគឺងាយនឹងឆ្លើយបំផុតនោះ គឺសង្រ្គាមអាចនឹងផ្ទុះឡើង ប៉ុន្តែមិនមែនពេលនេះ ហើយក៏មិនមាននរណាដឹងថានៅពេលណានោះដែរ។ ប៉ុន្តែបើសង្រ្គាមផ្ទុះមែន អ៊ីរ៉ង់មិនមែនជាដៃគូរបស់អាមេរិក ដែលជាមហាអំណាចយោធាលេខមួយនៅលើ ពិភពលោកបានឡើង។
ខាងក្រោមនេះគឺការប្រៀបធៀបត្រួសៗរវាងកម្លាំងយោធាអាមេរិក និងអ៊ីរ៉ង់៖
* សហរដ្ឋអាមេរិក
- មានកញ្ចប់ថវិកាយោធាជាង ៧១៦ពាន់លានដុល្លារ (ឆ្នាំ២០១៨)
- មានកងទ័ពសកម្មចំនួន ១,២៨១,៩០០នាក់ និងទ័ពបម្រុង ៨៦០,០០០នាក់
- មានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៧,២០០គ្រាប់ (មិនរាប់មីស៊ីល)
- មានរថក្រោះ ៦,៣៩៣គ្រឿង
- មានយន្ដហោះចម្បាំងសរុប ១២,៣០៤គ្រឿង
- មានឧទ្ធម្ភាគចក្រយោធា ៤,៨៨៩គ្រឿង
- មាននាវាចម្បាំងសរុប ៤៣៧គ្រឿង ក្នុងនោះនាវាផ្ទុកយន្ដហោះចម្បាំង ២៤គ្រឿង និងនាវាមុជទឹក ៧១គ្រឿង។
* ប្រទេសអ៊ីរ៉ង់
- មានកញ្ចប់ថវិកាយោធា ១៩.៦ពាន់លានដុល្លារ (ឆ្នាំ២០១៨)
- មានកងទ័ពសកម្ម ៥៥០,០០០នាក់ និងទ័ពបម្រុង ៣៥០,០០០នាក់
- មានរថក្រោះ ២,៥៣១គ្រឿង (មិនរាប់បញ្ចូលមីស៊ីល និងគ្រាប់រ៉ុក្កែត)
- មានយន្ដហោះចម្បាំងសរុប ៨៥០គ្រឿង
- មានឧទ្ធម្ភាគចក្រយោធាសរុប ៣២៤គ្រឿង
- មានចម្បាំងសរុប ៤០៦គ្រឿង និងនាវាមុជទឹក ៣៤-៤០គ្រឿង។
យ៉ាងណាក៏ដោយការរៀបរាប់អំពី សក្កានុពលយោធាជាក់ស្តែងរវាងប្រទេសទាំងពីរ មិនអាចបង្ហាញអំពីភាពឈ្នះ ឬចាញ់សង្គ្រាម ដែលអាចទៅរួចទាំងស្រុងនោះឡើយ ខណៈកត្តាសំខាន់ៗផ្សេងទៀតដូចជា យុទ្ធសាស្ត្រយោធា ទីតាំងភូមិសាស្ត្រ និងការជួយបន្ថែមពី ក្រោយខ្នង ឬដោយចំពោះពីសំណាក់បណ្តាសម្ព័ន្ធមិត្ត នៃភាគីជម្លោះរៀងៗខ្លួននោះ ក៏ចាំបាច់ដែលអាចបង្កើន កម្លាំងប្រទេសនីមួយៗ នៅក្នុងពេលផ្ទុះសង្គ្រាមនោះផងដែរ។
គួរជម្រាបថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានផ្ទុះឡើងចាប់តាំងពីសហរដ្ឋអាមេរិក ចាប់ផ្ដើមផែនការដាក់ទណ្ឌកម្មឡើងវិញ ប្រឆាំងទីក្រុងតេហេរ៉ង់កាលពីចុងឆ្នាំ២០១៨ ក្រោយដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥។ សហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ខ្លួន កាលពីខែឧសភាបានអះអាងថា ខ្លួនបានដឹងអំពីផែនការសម្ងាត់របស់អ៊ីរ៉ង់ ដែលកំពុងត្រៀមវាយប្រហារមកលើសម្ព័ន្ធមិត្តអាមេរិក នៅក្នុងតំបន់មជ្ឈិបូព៌ា។
ដូច្នេះដើម្បីការពារសម្ព័ន្ធមិត្ត និងផលប្រយោជន៍អាមេរិកក្នុងតំបន់មជ្ឈិមបូព៌ាជាធំ អាមេរិកក៏សម្រេចបញ្ជូនកងកម្លាំងយោធា និងសព្វាវុធគ្រប់ប្រភេទមកកាន់តំបន់នេះតែម្តង។ បន្ថែមពីនេះភាពតានតឹងរឹតផ្ទុះខ្លាំងឡើង បន្ទាប់ពីសហរដ្ឋអាមេរិកចោទអ៊ីរ៉ង់ជាថ្មីថា ជាអ្នកវាយប្រហារលើកប៉ាល់ដឹកប្រេង ០២គ្រឿង នៅឯឈូងសមុទ្រអូម៉ង់កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន។ យ៉ាងណាក៏ដោយបណ្តាមហាអំណាចដូចជា ចិន រុស្ស៊ី និងប្រទេសមួយចំនួននៅអឺរ៉ុប សុទ្ធតែបានចេញសារព្រមាន អំពីសកម្មភាពក្តៅគគុកនៅមជ្ឈិមបូព៌ា ដែលអាចឈានទៅរកសង្គ្រាមគ្រប់ពេលវេលា និងបានអំពាវនាវឲ្យគ្រប់ភាគី បញ្ឈប់នូវសកម្មភាពបង្កហេតុនានា៕