(ញូដេលី)៖ ខណៈប្រទេសឥណ្ឌាហាក់ស្ងប់ស្ងាត់មិនបញ្ចេញប្រតិកម្មអ្វី ទៅនឹងបញ្ហាបម្រាមរបស់អាមេរិក ទៅលើក្រុមហ៊ុនយក្សចិន Huawei នោះ សហរដ្ឋអាមេរិកបានផ្ញើសារមួយដោយផ្ទាល់ មកកាន់ក្រសួងការបរទេសឥណ្ឌា ដោយក្នុងនោះទីក្រុងវ៉ាស៊ីនតោនបានព្រមានថា បើសិនជាឥណ្ឌាហ៊ានផ្តល់សម្ភារៈបរិក្ខានានា ដែលមាន​ប្រភពដើមពីអាមេរិកទៅដល់ក្រុមហ៊ុនចិន Huawei នោះប្រទេសយក្សមួយនេះ នឹងទទួលរងទណ្ឌកម្មអាមេរិកជាក់ជាមិនខាន។ នេះបើតាមការចេញផ្សាយដោយ Asia Times នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩។

បច្ចុប្បន្ននេះក្រសួងការបរទេសឥណ្ឌា កំពុងតែពិភាក្សាជាមួយនិងនាយកដ្ឋានទូរគមនាគមន៍, ក្រសួងបច្ចេកវិទ្យាព័ត៌មាន និងអេឡិចត្រូនិក, នាយកដ្ឋានសេដ្ឋកិច្ច ព្រមទាំងទីភ្នាក់ងារប្រឹក្សា​យោបល់ជាតិឥណ្ឌា នីធីអាយ៉ូក (Niti Aayog) ដើម្បីស្វែងយល់លម្អិតអំពីស្ថានភាពបម្រាមរវាង​សហរដ្ឋអាមេរិក និង Huawei ដែលពាក់ព័ន្ធមកលើក្រុមហ៊ុននានារបស់ឥណ្ឌា។ ក្រៅពីនេះ​ឥណ្ឌា និងសហរដ្ឋអាមេរិកក៏កំពុងជួបប្រទះបញ្ហារវាងគ្នា លើការដកកម្មវិធីអនុគ្រោះពន្ធរបស់អាមេរិក មកលើប្រទេសអាស៊ីខាងត្បូងមួយនេះផងដែរ ខណៈឥណ្ឌាបានប្រកាសពីចំណាត់ការតបតវិញ នោះគឺការដំឡើងពន្ធលើទំនិញអាមេរិកជាង ២០មុខ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានដាក់ក្រុមហ៊ុនចិន Huawei ចូលទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ដោយយោងលើហេតុផលនៃការគំរាមកំហែងសន្តិសុខជាតិខ្លួន ដែលជាហេតុនាំឲ្យក្រុមហ៊ុន​អាមេរិក​នានាត្រូវបង្ខំចិត្តផ្អាកទំនាក់ទំនងរកស៊ីជាមួយ Huawei។ មិនត្រឹមតែប៉ុណ្ណោះទេ សហរដ្ឋអាមេរិក​ក៏បាននិងកំពុងកៀរគរបណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួនគ្រប់ទិសទី ឲ្យផ្អាកទំនាក់ទំនងជាមួយ Huawei ថែមទៀតផង ប៉ុន្តែគេនៅមិនទាន់ឃើញប្រទេសណាមួយ ក្រៅតែពីអាមេរិកខ្លួនឯង ដែលបានធ្វើការរឹតត្បិតទៅលើ Huawei ខ្លាំងក្លានោះឡើយ ខណៈប្រទេសមួយចំនួនទៀត បែរជាអះអាងថា នឹងបន្តទទួលយកការវិនិយោគរបស់ Huawei ជាពិសេសទៅលើ 5G ដដែល៕