(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង ព្រមទាំងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុងអូសាកា (Osaka) ប្រទេសជប៉ុននាសប្តាហ៍ក្រោយនេះ ដោយលោកបានសង្កត់ធ្ងន់ពីភាពបាច់ នៃការកសាងទំនាក់ទំនងល្អរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយប្រទេសខ្លាំងៗលើពិភពលោកដូចជាចិន និងរុស្ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩។
លោក ត្រាំ បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយ ជាមួយសារព័ត៌មាន Fox News យ៉ាងដូច្នេះថា «យើងមិនមានទំនាក់ទំនងល្អជាមួយរុស្ស៊ី ឬក៏ចិនឡើយ ខណៈការកសាងទំនាក់ទំនងល្អជាមួយប្រទេសទាំងពីរ គឺជារឿងដ៏សំខាន់មួយ។ ពួកគេគឺជាប្រទេសខ្លាំងៗនៅលើពិភពលោក ហើយយើងក៏ជាប្រទេសខ្លាំងក្លាមួយដែរ ដូច្នេះខ្ញុំចង់មានទំនាក់ទំនងល្អជាមួយចិន និងរុស្ស៊ីហើយខ្ញុំគិតថា យើងនឹងអាចធ្វើបាន។ តាមពិតទៅខ្ញុំនឹងជួបមេដឹកនាំនៃប្រទេសទាំងពីរនាសប្តាហ៍ក្រោយ កំឡុងនៃកិច្ចប្រជុំ G20 នៅជប៉ុន»។
គួរជម្រាបថា កិច្ចប្រជុំកំពូល G20 នឹងត្រូវរៀបចំឡើងនៅទីក្រុង Osaka ប្រទេសជប៉ុន ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមិថុនា។ ជំនួបខាងលើនឹងកើតមានឡើង ចំពេលដែលសហរដ្ឋអាមេរិក និងចិនកំពុងជាប់គាំងនៅទំនាស់ផ្នែកពាណិជ្ជកម្មយ៉ាងតានតឹង ខណៈគ្រប់គ្នារំពឹងថា ការជួបមុខគ្នារវាងលោក ត្រាំ និងលោក ស៊ី នៅក្នុងកិច្ចប្រជុំកំពូលមហាអំណាចសេដ្ឋកិច្ច G20 នឹងទទួលបានលទ្ធផលល្អគួរឲ្យកត់សម្គាល់ទាក់ទងបញ្ហានេះ៕