(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិកបានឱ្យដឹងថា ការដាក់ពង្រាយ កងកម្លាំងយោធាបន្ថែមចុងក្រោយរបស់សហរដ្ឋអាមេរិក ក៏មានរួមបញ្ចូលទាំងការបញ្ជូនប្រព័ន្ធ មីស៊ីល Patriot, យន្ដហោះដ្រូន និងយន្ដហោះស៊ើបការណ៍ផងដែរទៅកាន់តំបន់មជ្ឈិមបូព៌ា ដែលប្រការនេះបាននាំឲ្យតំបន់ទាំងមូលកាន់តែភ័យព្រួយ អំពីសង្គ្រាមដែលនឹងអាចផ្ទុះឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩។
សហរដ្ឋអាមេរិកនៅក្នុងសប្ដាហ៍នេះបានសម្រេចចិត្តបញ្ជូនកងទ័ព ១,០០០បន្ថែមទៅកាន់តំបន់ មជ្ឈិមបូព៌ាក្រោយពីបានចោទប្រកាន់ថា អ៊ីរ៉ង់ជាអ្នកវាយប្រហារលើកប៉ាល់ដឹងប្រេង ០២គ្រឿង នៅឯឈូងសមុទ្រអូម៉ង់កាលពីសប្ដាហ៍មុន។ តែយ៉ាងណាក៏ដោយការបញ្ជូនកងទ័ព និងសព្វាវុធបន្ថែមនេះត្រូវបានមន្ទីរបញ្ចកោនអះអាងថា មិនមែនបង្ហាញពីចេតនាធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់នោះទេ។
មន្ទីរបញ្ចកាណបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក មិនមែនចង់បង្កសង្រ្គាមជាមួយអ៊ីរ៉ង់ឡើយ... ហើយការបញ្ជូនកងកម្លាំងយោធា បន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា គឺមានចេតនាការពារកងទ័ព និងផលប្រយោជន៍អាមេរិក នៅក្នុងតំបន់ប៉ុណ្ណោះ»។
គួរជម្រាបថា ប្រធានាធិបតីអាមេរិកកាលពីខែឧសភាកន្លងទៅ ក៏ធ្លាប់បានប្រកាសបញ្ជូនកងទ័ព ១,៥០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ក្រោយកប៉ាល់ដឹកប្រេងចំនួន ០៤គ្រឿងរងការវាយប្រហារ នៅឯតំបន់ឈូងសមុទ្រនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ ទាំងការវាយប្រហារលើកប៉ាល់ដឹកប្រេង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន និងកាលពីខែឧសភាកន្លងទៅ សុទ្ធតែត្រូវបានសហរដ្ឋអាមេរិកចោទប្រកាន់តែឯងថា អ៊ីរ៉ង់ជាអ្នកប្រព្រឹត្ត តែទីក្រុងតេហេរ៉ង់បានបដិសេធយ៉ាងដាច់ខាត៕