(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានអះអាងថា ពួកបរទេសបានចំណាយលុយជាង ២០លានដុល្លារ ដល់សមាជិកគណបក្សប្រឆាំងនៅក្នុងប្រទេសកូឡុំប៊ី ដើម្បីយកទៅរៀបចំផែនការសម្លាប់រូបលោកមិនបានសម្រេចកាលពី ឆ្នាំ២០១៨កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩។
តាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋនៅក្នុងសប្ដាហ៍នេះ លោក ម៉ាឌូរ៉ូ បានបញ្ជាក់យ៉ាងដូច្នេះថា «ផែនការសម្លាប់រូបខ្ញុំ ដែលត្រូវបានអនុវត្តន៍កាលពីខែសីហា ឆ្នាំ២០១៨ បានចំណាយអស់ប្រាក់ជាង ២០លានដុល្លារ... ប៉ុន្តែពួកគេមិនអាចសម្លាប់ខ្ញុំឡើយ ហើយខ្ញុំពិតជាសូមអរគុណដល់យោធា និងទីភ្នាក់ងារស៊ើបការណ៍សំងាត់របស់យើង ដែលបានបង្រ្កាប និងទប់ស្កាត់ការចេតនាដ៏អាក្រក់នេះ»។ លោក ម៉ាឌូរ៉ូ មិនបានបញ្ជាក់ចំៗពីពាក្យ «បរទេស» ថាជានរណា ឬប្រទេសណាមួយឱ្យប្រាកដនោះទេ ប៉ុន្តែមជ្ឈដ្ឋានខ្លះយល់ថា លោកចង់សំដៅលើសហរដ្ឋអាមេរិកតែម្ដង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ មានយន្ដហោះដ្រូន ០២គ្រឿងបំពាក់គ្រាប់បែក ត្រូវបានគេបញ្ជាឱ្យវាយប្រហារពីលើវេទិកាលោក ម៉ាឌូរ៉ូ នៅអំឡុងពិធីបុណ្យជាតិមួយ។ ដោយឡែកកាលពីដើមឆ្នាំ២០១៩ លោក ម៉ាឌូរ៉ូ ក៏ធ្លាប់បានលើកឡើងជាច្រើនដងផងដែរថា លោក ដូណាល់ ត្រាំ គឺជាអ្នកបញ្ជាឱ្យគេសម្លាប់រូបលោក តែប្រធានាធិបតីវេណេស៊ុយអេឡារូបនេះ មិនបានបង្ហាញភស្ដុតាងណាមួយ ដើម្បីការពារការអះអាងរបស់ខ្លួនឡើយ៕