(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ចេញរូបភាពមួយរបស់អាចម៍ផ្កាយយក្ស Ceres ដែលបង្ហាញឲ្យឃើញ ភ្នំចម្លែកមួយនៅលើផ្ទៃរបស់វា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩។
ក្រៅពីជាអាចម៍ផ្កាយធំបំផុត ដែលគេស្គាល់នៅក្នុងប្រព័ន្ធព្រះអាទិត្យយើង Ceres ក៏មានឋានៈជាភពមិនពេញលក្ខណៈ ដែល គេហៅថា Dwarf Planet ផងដែរ ជាមួយមុខកាត់ប្រវែងជិត៩៥០គីឡូម៉ែត្រ។ ភ្នំដែល NASA បានបង្ហាញ មានឈ្មោះថា Ahuna Mons និងមានកម្ពស់ជិត៤,០០០ម៉ែត្រ ដែលស្ទើរតែពាក់កណ្តាលនៃភ្នំខ្ពស់បំផុតនៅលើផែនដី គឺភ្នំ Everest ដែលមានកម្ពស់ ៨,៨៤៨ម៉ែត្រ។ ខណៈវាមិនច្បាស់ថាភ្នំ Ahuna Mons កកើតឡើងដោយសារអ្វី អង្គការ NASA បាននិយាយថា វាមិនដូចអ្វីដែល មនុស្សលោកយើងធ្លាប់ឃើញពីមុនមកឡើយ។
គួរជម្រាបថា រូបភាពខាងលើបានមកពីយានអវកាស Dawn របស់ NASA ដែលកាលពីឆ្នាំ២០១៥ ត្រូវបានបញ្ជូនឲ្យទៅសិក្សា អាចម៍ផ្កាយ Ceres ដែលស្ថិតនៅតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ Asteroid Belt នៅចន្លោះភពអង្គារ (Mars) និងភពព្រហស្បតិ៍ (Jupiter) និងជាវត្ថុធំជាងគេបង្អស់នៅតំបន់នោះ៕