លោក ស៊ី ជិនពីង និងលោក គីម ជុងអ៊ុន ផ្ដើមសាងរាត្រីទឹកឃ្មុំ ក្រោមក្រសែភ្នែក លោក ដូណាល់ ត្រាំ (Video inside)
20-06-2019 08:06
(សេអ៊ូល)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងចាប់ផ្ដើមសាងរាត្រីទឹកឃ្មុំជាមួយមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងទីក្រុងព្យុងយ៉ាង ជាទីដែលលោកនឹងផ្ដើមបំពេញដំណើរ ទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩។
ដំណើរទស្សនកិច្ចនេះនឹងធ្វើឱ្យលោក ស៊ី ជិនពីង កា្លយជាប្រធានាធិបតីចិនដំបូងគេដែលធ្វើដំណើរ ទៅកាន់កូរ៉េខាងជើង អស់រយៈពេលជាង១៤ឆ្នាំមកនេះ ពោលគឺចាប់តាំងពីអតីតប្រធានាធិបតីចិន លោក Hu Jintao បំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង កាលពីខែតុលា ឆ្នាំ២០០៥។ ប៉ុន្តែ គួរឱ្យកត់សម្គាល់ ដំណើរទស្សនកិច្ចនៅពេលនេះរបស់លោក ស៊ី ត្រូវបានក្រុមអ្នកជំនាញខ្លះមើល ឃើញថាអាចនឹងធ្វើឱ្យភូមិសាស្ត្រនយោបាយបច្ចុប្បន្ននៅលើឧបទ្វីបកូរ៉េ កាន់តែមានភាពស្មុគស្មាញ ខណៈទីក្រុងប៉េកាំង ក៏បានបង្ហាញការគាំទ្រដល់ជំហររបស់កូរ៉េខាងជើងពាក់ព័ន្ធនឹងកិច្ចចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិកផងដែរ។
គួរបញ្ជាក់ថា លោក ស៊ី ជិនពីង និងលោក គីម ជុងអ៊ុន ធ្លាប់ជួបគ្នា៤លើករួចមកហើយនៅលើទឹកដីចិន កាលពីឆ្នាំ២០១៨ ហើយជំនួបរវាងមេដឹកនាំទាំង២នៅលើកនេះ ធ្វើឡើងនៅមុនពេលលោក ស៊ី ត្រូវ ជួបជាមួយលោក ដូណាល់ ត្រាំ នៅកិច្ចប្រជុំ G20 ក្នុងប្រទេសជប៉ុននៅសប្ដាហ៍ក្រោយ។ ដោយឡែក បើតាមក្រុមមន្ត្រីចិន លោក ស៊ី និងលោក គីម នឹងពិភាក្សាគ្នាដោយផ្ដោតសំខាន់លើទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំង២ និងស្ថានភាពបច្ចុប្បន្ននៅលើឧបទ្វីបកូរ៉េ៕