(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ កូរ៉េខាងត្បូងបានឲ្យដឹងនាថ្ងៃពុធនេះ ខ្លួននឹងរៀបចំបញ្ជូនអង្ករប្រមាណ ៥០,០០០តោនតាមរយៈស្ថាប័ន របស់អង្គការសហប្រជាជាតិ (UN) ទៅឲ្យកូរ៉េខាងជើង ដើម្បីជួយទីក្រុងព្យុងយ៉ាងទប់ទល់បញ្ហាខ្វះខាតស្បៀង អាហារដែល UN បានអះអាងថា កាន់តែអាក្រក់ទៅៗ៕
២៖ ជនសង្ស័យ០៤នាក់នឹងត្រូវប្រឈមមុខជាមួយបទចោទប្រកាន់មនុស្សឃាត សម្រាប់ការបាញ់ទម្លាក់យន្តហោះ ដឹក អ្នកដំណើររបស់អាកាសចរណ៍ម៉ាឡេស៊ី ដែលមានជើងហោះហើរ MH17 កាលពីខែកក្កដា ឆ្នាំ២០១៤ នៅពេលការជំនំជម្រះក្តី នៃសំណុំរឿងនេះ នឹងប្រព្រឹត្តទៅនៅក្នុងប្រទេសហូឡង់ នាខែមីនា ឆ្នាំក្រោយ៕
៣៖ សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយជាបរិក្ខាយោធា ការបណ្ដុះបណ្ដាល និងការគាំទ្រដទៃទៀតគិតជាទឹកប្រាក់ ស្មើនឹង ២៥០លានដុល្លារដល់ប្រទេសអ៊ុយក្រែន ក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មីគឺលោក វ៉ូឡូឌីមៀ ហ្សេឡេនស្កាយ (Volodymyr Zelensky) ដែលត្រូវបានគេមើលឃើញថា ហាក់ដូចជាមាននយោបាយ ទន់ភ្លន់ចំពោះរុស្ស៊ី៕
៤៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកស្ដីទី លោក Patrick Shanahan បានសម្រេចចិត្តលាលែងចេញពីតំណែង ហើយនៅថ្ងៃអង្គារសប្ដាហ៍នេះ ខណៈសហរដ្ឋអាមេរិកកំពុងមានភាពតានតឹងកាន់តែខ្លាំងជាមួយអ៉ីរ៉ង់៕
៥៖ ក្រុមហ៊ុនផលិតយន្ដហោះអឺរ៉ុប Airbus កំពុងស្វះស្វែងរកការបញ្ជាទិញយន្ដហោះ A321XLR របស់ខ្លួន ពីអតិថិជន បន្ទាប់ពីក្រុមហ៊ុន Boeing ត្រូវបានគេរាយការណ៍ថា នៅតែទទួលបានការបញ្ជាទិញយន្ដហោះ 737 MAX រាប់រយគ្រឿង៕
៦៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានបញ្ជាក់ថា លោកនឹងជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុង ឱកាសចូលរួមកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅនៅប្រទេសជប៉ុននាចុងខែនេះ៕