(ហូងឡង់)៖ ជនសង្ស័យ០៤នាក់នឹងត្រូវប្រឈមមុខជាមួយបទចោទប្រកាន់មនុស្សឃាត សម្រាប់ការបាញ់ទម្លាក់យន្តហោះ ដឹក អ្នកដំណើររបស់អាកាសចរណ៍ម៉ាឡេស៊ី ដែលមានជើងហោះហើរ MH17 កាលពីខែកក្កដា ឆ្នាំ២០១៤ នៅពេលការជំនំជម្រះក្តី នៃសំណុំរឿងនេះ នឹងប្រព្រឹត្តទៅនៅក្នុងប្រទេសហូឡង់ នាខែមីនា ឆ្នាំក្រោយ។ នេះបើតាមការឲ្យដឹងពីក្រុមគ្រួសាររបស់ជន រងគ្រោះ ចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩។
នាថ្ងៃពុធនេះ ឈ្មោះរបស់ជនសង្ស័យចំនួន០៤នាក់ ត្រូវបាន ក្រុមអ្នកស៊ើបអង្កេតបង្ហាញជូនដល់ក្រុមគ្រួសារសាច់ញាតិ នៃជន រងគ្រោះដែលបានបាត់បង់ជីវិត ក្នុងករណីខាងលើ ដែលមកទល់ពេលនេះវាបានកើតឡើងជិត០៥ឆ្នាំមកហើយ នៅពេល ដែល យន្តហោះ MH17 ត្រូវបានបាញ់ទម្លាក់ដោយគ្រាប់មីស៊ីល នៅលើផ្ទៃអាកាសនៃតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមគាំទ្រ រុស្ស៊ី ភាគខាងកើតអ៊ុយក្រែន។ ករណីនេះបានបង្កឲ្យមានការចោទប្រកាន់គ្នាចុះឡើង និងរកមុខអ្នកប្រព្រឹត្តពិតប្រាកដមិនឃើញ នោះ ឡើយ អស់រយៈពេលជាច្រើនមកនេះ។
គួរជម្រាបថា សោកនាដកម្មខាងលើ បានផ្តាច់យកជីវិតមនុស្សសរុបចំនួន២៩៨នាក់ ក្នុងនោះអ្នកដំណើរ២៨៣នាក់ និងបុគ្គលិក យន្តហោះ១៥នាក់ ដែលមានវត្តមានលើយន្តហោះ MH17 អំឡុងពេលហោះហើរ ចេញពីទីក្រុង Amsterdam របស់ ហូឡង់ ឆ្ពោះទៅកាន់ទីក្រុងគូឡាឡាំពួរ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤៕