(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់ថា លោកទំនងជានឹងជ្រើសតាំងលោក ម៉ាក អ៊ែសភើ (Mark Esper) ឲ្យ ឡើងជារដ្ឋមន្រ្តីការពារជាតិពេញសិទ្ធិតែម្តងបន្ទាប់ពីលោក Esper ទើបតែត្រូវបានរូបលោកលើក ឲ្យកាន់តួនាទីជាប្រមុខការពារជាតិស្តីទីក្តៅៗ ជំនួសលោក ផាទ្រីក ហ្សាណាហាន (Patrick Shanahan) ដែលបានសម្រេចលាលែងពីតំណែង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩។
លោក ត្រាំ បានថ្លែងបញ្ជាក់បែបនេះ តបទៅកាន់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីពួកគេបានសួរថា តើលោកនឹងពិចារណាជ្រើសតាំង លោក Esper ដែលធ្លាប់កាន់តួនាទីជាមន្រ្តីយោធាជាន់ខ្ពស់ ដឹកនាំកងទ័ពជើងគោកអាមេរិកផងដែរនោះ ឲ្យឡើងជារដ្ឋមន្រ្តីការពារជាតិតែម្តង ឬក៏យ៉ាងណាដែរ។ លោក ត្រាំ បានបន្ថែមថា រឿងនេះអាចនឹងកើតឡើងនាពេលឆាប់ៗ ខណៈលោក Esper គឺជាមន្រ្តីយោធា ដែលពោរពេញដោយបទពិសោធន៍មួយរូប។
គួរជម្រាបថា នាថ្ងៃអង្គារសប្តាហ៍នេះ លោក Shanahan បានប្រកាសចុះចេញពីតំណែង ជារដ្ឋមន្រ្តីការពារជាតិស្តីទីរបស់អាមេរិក ព្រមទាំងដកខ្លួនចេញពីការតែងតាំង ជារដ្ឋមន្ត្រីការពារជាតិអាមេរិកពេញសិទ្ធិថែមទៀតផង ស្របពេលដែលបណ្តាញផ្សព្វផ្សាយព័ត៌មានរបស់អាមេរិក បានរាយការណ៍អំពីរឿងអាស្រូវ ពាក់ព័ន្ធនឹងអំពើហិង្សានៅក្នុងគ្រួសាររបស់លោក Shanahan។ ជុំវិញការលាលែងពីតំណែងនេះ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកមិនបានស្នើ ឬបង្គាប់ឲ្យលោក Shanahan លាលែងពីតំណែង ឬដកខ្លួនឡើយ ដោយនេះជាការសម្រេចចិត្តផ្ទាល់ខ្លួន៕