(សេអ៊ូល)៖ កូរ៉េខាងត្បូងបានឲ្យដឹងនាថ្ងៃពុធនេះ ខ្លួននឹងរៀបចំបញ្ជូនអង្ករប្រមាណ ៥០,០០០តោន តាមរយៈស្ថាប័នរបស់អង្គការសហប្រជាជាតិ (UN) ទៅឲ្យកូរ៉េខាងជើង ដើម្បីជួយទីក្រុងព្យុងយ៉ាងទប់ទល់ បញ្ហាខ្វះខាតស្បៀងអាហារដែល UN បានអះអាងថា កាន់តែអាក្រក់ទៅៗ។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារព័ត៌មាន យុនហ៉ាប់ នៅល្ងាចថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩។
បើតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ជំនួយស្បៀងនេះនឹងត្រូវដឹកជញ្ជូនទៅប្រទេសកូរ៉េខាងជើង តាមរយៈទីភ្នាក់ងារកម្មវិធីស្បៀងអាហារពិភពលោក WFP របស់អង្គការសហប្រជាជាតិ (UN)។ វាក៏ជាលើកទីមួយផងដែរនៃការផ្តល់ជំនួយអង្ករ ពីកូរ៉េខាងត្បូងទៅកូរ៉េខាងជើងគិតចាប់តាំងពីឆ្នាំ២០១០ ដោយកាលណោះទីក្រុងសេអ៊ូលបានផ្តល់អង្ករ ៥,០០០តោន ដើម្បីជួយ ទីក្រុងព្យុងយ៉ាងងើបឡើងវិញពីការបំផ្លិចបំផ្លាញដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។
គួរជម្រាបថា បើតាមរបាយការណ៍ចុងក្រោយ នៃអង្គការសហប្រជាជាតិ កូរ៉េខាងជើងបាននិងកំពុងប្រឈមនូវបញ្ហាខ្វះខាតស្បៀងអាហារ កាន់តែអាក្រក់ទៅៗ ដោយសារការដាក់ទណ្ឌកម្មពីអន្តរជាតិ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង និងភាពមិនអំណោយផលជាច្រើនឆ្នាំជាប់ៗគ្នានៃធម្មជាតិ។
នាពេលថ្មីៗនេះកម្មវិធីស្បៀងអាហារពិភពលោក WFP និងអង្គការចំណីអាហារនិងកសិកម្មរបស់ UN បានចេញរបាយការណ៍ឲ្យដឹងថា ទិន្នផលដំណាំរបស់កូរ៉េខាងជើងកាលពីឆ្នាំទៅ ស្ថិតនៅក្នុងកម្រិតទាបបំផុតគិតចាប់តាំងពីឆ្នាំ២០០៨ ខណៈមនុស្សប្រហែល ១០លាននាក់ឬស្មើនឹង ៤០ភាគរយនៃចំនួនប្រជាជនកូរ៉េខាងជើងសរុប កំពុងត្រូវការស្បៀងអាហារជាចាំបាច់៕