(ប៉ារីស)៖ ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing នាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅប៉ារីស) បានទទួលដំណឹងល្អមួយនៅពេលដែលម្ចាស់ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស British Airways បានបង្ហាញពីបំណងចង់ទិញយន្តហោះ Boeing 737 MAX របស់ខ្លួនចំនួន ២០០គ្រឿង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩។
ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ IAG ដែលជាម្ចាស់អាកាសចរណ៍ British Airways ក៏ដូចជាអាកាសចរណ៍មួយចំនួនទៀតរួមមានអ៊ីប៊ែរៀ (Iberia) និង វែលីង (Vueling) របស់អេស៉្បាញ ព្រមទាំង អ៊ែរលីងហ្គឹស (Aer Lingus) របស់អៀរឡង់ បានផ្ញើលិខិតមួយច្បាប់បង្ហាញពី បំណងចង់ទិញយកយន្តហោះ 737 MAX ពីក្រុមហ៊ុន Boeing ខណៈវាគឺជាលើកទីមួយហើយ គិតចាប់តាំងតែពីត្រកូលយន្តហោះស៊េរីថ្មីនេះ ត្រូវបានផ្អាកប្រតិបត្តិការហោះហើរ កាលពីខែមីនាកន្លងទៅក្រោយ Boeing 737 MAX 8 ចំនួន ០២គ្រឿងបានធ្លាក់បន្តបន្ទាប់គ្នាក្នុងគម្លាតពេលត្រឹមតែ០៦ខែប៉ុណ្ណោះ និងបានផ្តាច់ជីវិតមនុស្សសរុប ៣៤៦នាក់។
បើតាមតម្លៃដើម Boeing 737 MAX ចំនួន ២០០គ្រឿង នឹងមានតម្លៃប្រមាណ ២៤ពាន់លានដុល្លារ ប៉ុន្តែក្រុមហ៊ុន IAG បានបញ្ជាក់ថា ខ្លួនក៏បានដាក់តម្លៃតថ្លៃក្នុងកម្រិតល្មមគួរសមដែរទៅកាន់ Boeing។ ជាមួយគ្នានេះ ប្រធានក្រុមហ៊ុន IAG លោក វីលលី វ៉លស៍ (Willie Walsh) បានអះអាងថា លោកនៅតែមានភាពជឿជាក់ចំពោះ Boeing ហើយរំពឹងថា 737 MAX នឹងអាចត្រឡង់ទៅហោះហើរលើផ្ទៃអាកាសវិញបាន ក្នុងពេលប៉ុន្មានខែខាងមុខ ក្រោយទទួលបានការអនុញ្ញាតពីអាជ្ញាធរអាកាសចរណ៍។
បន្ថែមពីខាងលើនេះ ក្រុមហ៊ុន Boeing ក៏កំពុងតែប្រឹងប្រែងព្យាយាមស្តារទំនុកចិត្ត ពីអ្នកដំណើររបស់អាកាសយានិក និងរបស់អាជ្ញាធរអាកាសនានា នៅជុំវិញពិភពលោកឡើងវិញ ក្រោយគ្រោះថ្នាក់ធ្លាក់យន្តហោះ 737 MAX ដ៏មហាប្រល័យនៅឥណ្ឌូណេស៊ីកាលពីខែតុលា ឆ្នាំ២០១៨ និងនៅអេត្យូពី កាលពីខែមីនា ឆ្នាំ២០១៩៕